កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការខិតខំចរចាជាមួយមេដឹកនាំប្រទេសនានា គឺទាក់ទាញការវិនិយោគ ក្នុងនោះដូចជាការជំរុញឱ្យទិញស្រូវ អង្ករពីកម្ពុជា នេះជាកាតព្វកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលដែលត្រូវគិតគូរពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ។ ការគូស បញ្ជាក់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាម បណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចបានជួបជាមួយប្រធានាធិបតីហ្វីលីពីន និងបាននិយាយពីវិស័យ សេដ្ឋកិច្ច និងទេសចរណ៍ ហើយសម្តេចបានសុំឱ្យហ្វីលីពីនជំរុញមានការហោះហើរត្រង់ឱ្យបានច្រើនពីរ ម៉ានីឡា មកភ្នំពេញ និងពី សេរប៊ូ មកសៀមរាប ដើម្បីបង្កើនចំនួនទេសចរ និងការវិនិយោគពីហ្វីលីពីន មកកាន់កម្ពុជា។ សម្ដេចធិបតីបានបន្ដថា ការជំរុញការ តភ្ជាប់វិស័យថាមពល ដើម្បីកាត់បន្ថយនូវតម្លៃផលិតដើម្បីបង្កើតរោងចក្រនិងសហគ្រាសនិងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ ហើយជំរុញការនាំចេញផលិតផលកសិកម្មដើម្បីឱ្យវិស័យកសិកម្មយើងរីកចម្រើន ដើម្បីបង្កើតការងារក្នុងវិស័យកសិកម្មកាន់តែទាក់ទាញ ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ចំពោះវិស័យការងារសម្តេច បានជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េ និងនាយករដ្ឋមន្ត្រីជប៉ុន ពិសេសខាង កូរ៉េបានលើកឡើងដោយសូមឱ្យគាត់ពិចារណាបង្កើនកូតាពលករកម្ពុជាឱ្យបានច្រើនទៅធ្វើការនៅកូរ៉េនិងជប៉ុន។ ទទ្ទឹមនេះ ពួកគាត់ក៏បានយល់ព្រមពិនិត្យមើលដើម្បីបើកទូលាយកូតាសម្រាប់ពលករកម្ពុជា ដើម្បីទៅធ្វើការបន្ថែមទៀតនៅកូរ៉េ និង ជប៉ុន ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់បន្ថែមថា៖ «នេះវាជាកាតព្វកិច្ចរបស់មេដឹកនាំនីមួយៗដែលខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជាត្រូវគិតអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់នេះហើយ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា