កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពីប្រទេសកូរ៉េ តែម្ដង ដើម្បីកុំឱ្យបងប្អូនមាន ការលំបាកក្នុងការធ្វើលិខិតឆ្លងដែន។ សម្តេចធិបតីបានបញ្ជាក់ថា បងប្អូនខ្មែរយើងដែលធ្វើការនៅក្រៅប្រទេស ពិសេសនិយាយ ពីប្រទេសកូរ៉េ សូមឱ្យឯកអគ្គរាជទូតប្រចាំនៅប្រទេសកូរ៉េ ត្រូវយកចិត្តទុកដាក់ដល់ពលកររបស់យើង ។ ការលើកឡើងរបស់សម្ដេចធិបតីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាកង្វល់ និង ការលំបាករបស់បងប្អូនពលករនៅប្រទេសកូរ៉េ គឺបញ្ហា លិខិតឆ្លងដែន និងលិខិតថ្កោលទោស ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសុំឱ្យបង្កើតកន្លែង ធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសតែម្ដង គឺចាប់ផ្តើមពីកូរ៉េតែម្តង»។ សម្តេចធិបតីបានអះអាងថា ប៉ុន្តែដើម្បីដោះ ស្រាយបញ្ហាកង្វល់សន្តិសុខ យើងនឹងបញ្ជូនមន្ត្រី អត្តសញ្ញាណកម្មទៅធ្វើការនៅទីនោះដើម្បីពិនិត្យលើការងារនេះតែម្ដង ព្រោះការលំបាករបស់បងប្អូនប្រឈម ខ្លាំងគឺការធ្វើលិខិត ឆ្លងដែន។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កន្លងមកបងប្អូនពលករខ្លះត្រូវពន្យារលិខិតឆ្លងដែន ហើយត្រូវធ្វើលិខិតឆ្លងដែន ធ្វើឱ្យបងប្អូនត្រូវបានបាត់បង់ការងារធ្វើក៏មាន ។ មួយទៀតលិខិតថ្កោលទោសបងប្អូន ត្រូវជិះយន្តហោះមកយកលិខិតថ្កោលទោស នៅកម្ពុជា រួមទាំងបែបបទបំពេញ ក្រសួងយុត្តិធម៌ដែលត្រូវធ្វើពីរបីដង បើសិនជាឯកសារខុសទៀតគឺត្រូវចំណាយពេលច្រើន។ សម្ដេចធិបតីបានបន្ថែមថា៖ «ដូច្នេះយើងត្រូវគិតឡើងវិញដោយបង្កការស្រួលដោយកាត់ បន្ថយតម្លៃនិងពេលវេលាសម្រាប់ ការធ្វើប៉ាស្ព័រ និងលិខិតថោ្កលទោស»។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ទទឹ្ទមនឹងការយកចិត្តទុកដាក់ពីការពិបាកទៅលើបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និង វិស័យកសិកម្មនិងការបណ្ដុះបណ្ដាលយុវជន រួមទាំងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធសុខភាព មន្ត្រីរាជការ កម្មករ និយោជិត ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ដែរថា នៅក្រៅប្រទេសយើងត្រូវបានត្រូវគិតគូរអំពី ការគាំពារ ចំពោះពួកគាត់ ហើយយើងក៏ត្រូវធ្វើការងារពីការងារទំនាក់ទំនងការទូត និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ព្រមទាំងកិច្ចការពារពលកររបស់យើងដែលរស់នៅ និងធ្វើការនៅក្រៅប្រទេស យើងត្រូវតែបន្តជួយពួកគាត់ ដែលនេះជាកាតព្វកិច្ច របស់រាជរដ្ឋាភិបាល ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា