នាយករដ្ឋមន្ត្រីប្រកាសថា នឹងចុះជួបជាមួយអាជីវករលក់ដូរផ្ទាល់ ដើម្បីចង់ដឹងពីអ្វីដែលពួក គាត់ចង់បាន

0

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បាន ប្រកាស​ថា សម្តេចនឹងចុះជួបផ្ទាល់ជាមួយបងប្អូនអាជីវករដែលជា​អ្នកលក់ដូរនៅពេលខាង​មុខនេះ​ដើម្បី​ចង់ដឹងពីអ្វីដែលពួកគាត់ ចង់បាន។  ការប្រកាសរបស់សម្ដេចធិបតីបែបនេះ ក្នុងឱកាស​អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែងថា មិនមែនតែចុះជួបបងប្អូនកម្មករ កម្មការិនី​នោះទេ សម្ដេចធិបតីនឹងជួបនៅវិស័យ ផ្សេងៗទៀត ដែលនៅខែវិច្ឆិកាខាងមុខនេះ​ នឹងជូប​អាជីវករ  ជួបវិស័យក្រៅប្រព័ន្ធ ជួបវិស័យទេសចរណ៍ និងវិស័យណាដែលយើងត្រូវ ជួប។   សម្តេចធិបតីបានបញ្ជាក់ថា៖ «យើងនឹងចុះជួបបងប្អូនអ្នកលក់ដូរ ដើម្បីស្តាប់ពីព្រោះខ្ញុំចូល​ចិត្ត​ចុះជួប ហើយជួបផ្ទាល់តែម្តង អ្នកខ្លះគេថានាយករដ្ឋមន្ត្រីមិនត្រូវធ្វើការងារចុះជួបអីចឹងទេ ទុក​ឱ្យរដ្ឋមន្ត្រីកាងារជួបទៅ។ នាយករដ្ឋមន្ត្រីមិនត្រូវដណ្តើម ការងារ រដ្ឋមន្ត្រី ក្រសួងការងារ​អីចឹង»។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ការចុះជួបផ្ទាល់ជាមួយអ្នកលក់ដូរនេះ មិនមែនជាការដណ្តើមការងាររបស់ រដ្ឋមន្ត្រីក្រសួងការងារនោះទេ ប៉ុន្តែដើម្បីចង់ដឹងបញ្ហា​ផ្ទាល់​​​​ដែលគាត់ចង់បាន នូវអ្វីដែលគាត់ចង់បាន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា