កូរ៉េ-កម្ពុជា នឹងបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌអាស៊ាននិង តំបន់មេគង្គសម្រាប់វិបុលភាពនិង ការអភិវឌ្ឍនាពេលអនាគត

0

ភ្នំពេញ៖ រដ្ឋាភិបាល និងរដ្ឋសភានៃ​សាធា​រណ​រ​ដ្ឋ​កូ​រ៉េ​នឹងប​ន្តកិច្ចសហការជាមួយនឹងសមភាគីកម្ពុជា ក្នុងការជំរុញការអនុ​វត្តកិច្ចព្រ​ម​ព្រៀ​ង​ពា​ណិ​ជ្ជ​កម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និ​ង​ស​ង្ឃឹ​ម​ថា ​កូរ៉េនិងកម្ពុជានឹងបន្តគាំទ្រគ្នា​ទៅវិញទៅមកនៅក្នុងក្របខ័​ណ្ឌ​អាស៊ាននិងតំបន់មេគង្គ​ស​ម្រា​ប់វិបុលភាពនិងការអភិវឌ្ឍនាពេលអនាគត។

នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម គីម ជីន ព្យូ បានសម្តែងនូវការអបអរសាទរជូនចំពោះ សម្ដេចធិបតី ដែលត្រូ​វ​បា​នជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាល​ពី​ថ្ងៃ​ទី២២ ខែសីហា ឆ្នាំ២០២៣ ហើយ ឯកឧត្តម ជឿជាក់ថា ក្រោមការដឹ​កនាំ​ប្រក​បដោ​យគ​តិ​ប​ណ្ឌិ​តរបស់ សម្ដេចធិបតី កម្ពុជានឹងអាចសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការក្លា​យ​ជា​ប្រ​ទេសមានចំណូលខ្ពស់។

ឯកឧត្តម ក៏បានរំលឹកអំពីការរីកចម្រើននៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ទា​ប់ពី​ការតភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧។ ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម គីម ជីន ព្យូ ចំពោះ​កា​រអបអរសាទ និងបានបញ្ជាក់អំពីស្ថានភាពនៃការបោះឆ្នោតសកលនៅកម្ពុជា ដែលទទួ​លបា​នការចូលរួមយ៉ាងកុះករពីប្រជាពលរដ្ឋ។

លទ្ធផលនៃការបោះឆ្នោតនេះ ក៏បង្ហា​ញ​អំ​ពី​កា​រ​ពេ​ញចិត្ត និងភាពកក់ក្តៅនៃការដឹកនាំរបស់ សម្តេច​តេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុ​ង​កា​រដោះស្រាយបញ្ហាជូនប្រជាជន ជាពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ និងការដាក់​ចេញ​គោល​នយោបាយគាំពារសង្គមដ៏មានប្រសិទ្ធភាពជាដើម។ ក្នុងស្មារតីនេះ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែ​ល​តែងគាំទ្រកិច្ចអភិវឌ្ឍរបស់កម្ពុជា និងបានបញ្ជាក់ថា កា​ររីកចម្រើនរបស់កម្ពុជាសព្វថ្ងៃនេះ គឺ​មិនអាចកាត់ផ្តាច់ចេញពីការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េនោះឡើយ។ សម្តេ​ចធិបតី និង ឯកឧត្តម គីម ជីន ព្យូ បានបន្តពិភាក្សាអំពីកា​រព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការបន្ថែមចំពោះវិស័យយោធា សេដ្ឋកិច្ច និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។

ជាក់ស្តែង សម្ដេចធិបតី បានស្នើលើកកម្ពស់ក​ម្រិតនៃទំនា​ក់ទំនងរវាងកម្ពុជា-កូរ៉េ ឱ្យ​ក្លា​យទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងបាន​ស្នើដល់ភាគីកូរ៉េពង្រីកប​ន្ថែម​នូ​វទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ដូចជា ដំណើរទស្សនកិច្ចរបស់កងនាវា​នៃក​ង​ទ័​ព​ជើងទឹកកូរ៉េមកកាន់កម្ពុជាជាដើម។ សម្ដេចធិបតី ក៏បានឯកភាពតាមការលើកឡើងរបស់ ឯកឧត្តម គីម ជីន ព្យូ ក្នុ​ង​កា​រ​ជំ​រុ​ញ​ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាក្របខ័ណ្ឌពហុភាគីដទៃ ទៀ​ត ដើ​ម្បីជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានស្នើភាគីកូរ៉េបន្តផ្តល់ការគាំពារ និង​ពិ​ចា​រ​ណា​បង្កើនកូតាដល់ពលករកម្ពុជានៅប្រទេសកូរ៉េផងដែរ។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរបា​ន​ឯ​​កភាពក្នុងការពង្រីកការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនដោយកម្ពុជាបន្តបង្ហាញជំ​ហ​រ​គាំ​ទ្រ​បេក្ខភាពសាធារណរដ្ឋកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកនៅទីក្រុងប៊ូសាន ឆ្នាំ​២​០​៣០ និងបានស្នើកូរ៉េបន្តជួយកម្ពុជា ក្នុងវិស័យវិស្វកម្ម កសិកម្ម និងបច្ចេកវិទ្យាទំនើបៗ ក៏ដូច​ជា​ការវិនិយោគលើសេដ្ឋកិច្ចបៃតង និងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ប្រភព៖ ក្រសួងព័ត៌មាន