នគរបាល​ចរាចរណ៍ ដែល​ធ្វើ​សកម្មភាព​ពួនស្ទាក់ចាប់អ្នក​ធ្វើ​ដំណើរ​តាមផ្លូវ​នៅស្តុ​ប​បូកគោ ត្រូវបាននាំយក​មក​អប់រំ​នឹង​ធ្វើការ​ព្រមាន​លើក​ទី​១

0

ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​បំភ្លឺ​ជូន​សាធារណៈជន​ឱ្យ​បាន​ជ្រាប​ថា​៖ ក្រោយ​ទទួល​បាន​នៃ​ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ជុំវិញ​បញ្ហា​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​ឈរ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​គោលដៅ​ស្តុ​ប​បូកគោ កាលពី​វេលា​ម៉ោង​៩​និង​១៣​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​ធ្វើ​សកម្មភាព​ពួនស្ទាក់​ចាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​នៃ​គោលដៅ​ខាងលើ ដែល​អនុវត្ត​ផ្ទុយ​នឹង​បទបញ្ជា​របស់ ឯកឧត្តម អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

ភ្លាម​នោះ ឯកឧត្តម​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជា​ទៅ​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ឱ្យ​នាំ​មន្ត្រី​នគរបាល​ចរាចរណ៍​០១​នាក់​នោះ​យក​មក​អប់រំ​នឹង​ធ្វើការ​ព្រមាន​លើក​ទី​១ ដើម្បី​ឱ្យ​កែប្រែ​ឥរិយាបថ​។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ច្បាស់​ថា ជុំវិញ​បញ្ហា​ការ​ពួនស្ទាក់​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​នេះ​គឺ​ត្រូវ​តែ​លប់​បំបាត់​។ ប៉ុន្តែ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​តែ​បន្ត​អនុវត្ត​ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់​សុវត្ថិភាព​ចរាចរណ៍​។

ឯកឧត្តម​ស្នងការ ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ដើម្បី​សុខ​សុវត្ថិភាព​ខ្លួនឯង​និង​អ្នក​ទៃ​ផង​ដែរ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ