សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចកាត់ខ្សែភ្លើង នៅបង្គោលសេវាទូរស័ព្ទ

0

បាត់ដំបង៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៣និង៤០នាទី នៅត្រង់ចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីលួច (កាត់ខ្សែភ្លើង) កើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកខ្សែភ្លើងនិងដុំភ្លើងខ្សែស្ពាន់ របស់ជនរងគ្រោះឈ្មោះ ហ៊ន ចិន្តា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានមកធ្វើចម្ការនៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល និងបានជួលដីអោយក្រុមហ៊ុនសែលកាត Cellcard ដាក់បង្គោលសេវាទូរស័ព្ទ។ សម្ភារៈបាត់បង់មាន ខ្សែភ្លើងបង្គោលសេវាទូរស័ព្ទក្រុមហ៊ុនសែលកាត Cellcard អស់ចំនួន ០២ខ្សែ សរុប ៨០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន ១,០០០ដុល្លា (មួយពាន់ដុល្លារ)។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងមានការសម្របសម្រួលនិតីវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរដ្ឋាននគបាលខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ គឹម ណាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មកកាន់អធិការដ្ឋាននគរបាលស្រុករតនមណ្ឌលដើម្បីធ្វើការសាកសួរ ក្រោយពីការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួច (ខ្សែភ្លើង) ដោយយកដង្កាប់កាត់ខ្សែភ្លើងបង្គោលសេវាទូរស័ព្ទក្រុមហ៊ុនសែលកាត Cellcard អស់ចំនួន ០២ខ្សែ សរុប ៨០ម៉ែត្រ របស់ជនរងគ្រោះពិតប្រាកដមែន។ សម្ភារៈដកហូតបានរួមមាន៖
-ខ្សែភ្លើងចំនួន ០៤គីឡូក្រាម ។

បច្ចុប្បន្ន ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ