ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ (MRC) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ខ្លួនដែលកត់ត្រានូវសមិទ្ធិផលជាច្រើនក្នុងរយៈពេលមួយឆ្នាំកន្លងមក ក៏ដូចជាបញ្ហាប្រឈមសំខាន់ៗដែលអាងទន្លេកំពុងជួបប្រទះដែលទាមទារការយកចិត្តទុកដាក់ជាពិសេស។
របាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ គណៈកម្មការទន្លេមេគង្គកត់ត្រាការរីកចម្រើនជាក់ស្តែងទូទាំងអាងទន្លេមេគង្គ ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និង “ការទូតទឹក” នៃ ប្រទេសជាសមាជិករួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម និងដៃគូនានា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ MRC។
ក្នុងរបាយការណ៍ របស់ MRC បានគូសបញ្ជាក់ថា ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើនកាលពីឆ្នាំមុន មានដូចជា គោលការណ៍ណែនាំថ្មីសម្រាប់ការរចនាទំនប់វារីអគ្គីសនី និងផលប៉ះពាល់បរិស្ថានឆ្លងដែនដើម្បីសម្រួលដល់ចលនាបំលាស់ទីរបស់ត្រី និងលំហូរដីល្បាប់ ច្បាប់នាវាចរណ៍ថ្មីដើម្បីលើកកម្ពស់សុវត្ថិភាពទន្លេឱ្យបានល្អជាងមុន ឧបករណ៍ដែលមានភាពច្នៃប្រឌិតដើម្បីព្យាករណ៍ទឹកជំនន់និងគ្រោះរាំងស្ងួតឱ្យបានប្រសើរជាងមុន ស្ថានីយ៍ត្រួតពិនិត្យថ្មីនៅលើចុងខាងជើងនៃអាងដើម្បីឱ្យដឹងពីការផ្លាស់ប្តូររបស់ទឹកឱ្យបានឆាប់រហ័ស និងការចាប់ផ្តើមនៃការសិក្សារួមគ្នា (ជាមួយនឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង) ដើម្បីបង្កើតការយល់ដឹងរួមគ្នាទាំងផ្នែកខាងលើនិងផ្នែកខាងក្រោមអំពីការផ្លាស់ប្តូររបបរំហូរទឹក ដែលត្រូវបានគេមើលឃើញថាជាតម្រូវការដំបូងដើម្បីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាងមុន។
គណៈកម្មការទន្លេមេគង្គបានចាប់ផ្តើមអនុវត្តន៍គោលការណ៍ណែនាំវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ឬ TbEIA ស្របពេលដែលការសិក្សារួមគ្នាបានបញ្ចប់ដំណាក់កាលដំបូងរបស់ខ្លួន។
លោកគិធិឃួនបានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះបញ្ហាប្រឈមទាំងនេះគឺជាធម្មជាតិមានលក្ខណៈឆ្លងដែនដូច្នេះវាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាបន្តរវាងប្រទេសជាប់ដងទន្លេដើម្បីដោះស្រាយវា។ កិច្ចសហប្រតិបត្តិការនេះរួមបញ្ចូលទាំងតម្រូវការនៃការចែករំលែកទិន្នន័យការចរចាការសម្របសម្រួលនិងការបើកចំហរចំពោះដៃគូក្នុងតំបន់ និងអន្តរជាតិ។ លោកបណ្ឌិត គិធិឃួនសរសេរក្នុងបុព្វកថា៖”យើងមានទន្លេមេគង្គតែមួយគត់ ដូច្នេះហើយជាការល្អបំផុតយើងគួរតែប្រកាន់យកនូវវិធីសាស្រ្ដទូទាំងអាងចំពោះការស្វែងរកដំណោះស្រាយនិងការសម្រេចចិត្តចំពោះអ្វីៗគ្រប់យ៉ាងចាប់ពីការរចនាវារីអគ្គិសនីនិងការតាមដានទន្លេរហូតដល់ច្បាប់នាវាចរណ៍និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ”។
សូមជម្រាបជូនថា គណៈកម្មការទន្លេមេគង្គគឺជាទីភ្នាក់ងារអន្តររដ្ឋាភិបាលតែមួយគត់ដែលត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យដោយសន្ធិសញ្ញា (កិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥) ដើម្បីការពារទន្លេ ធានាដល់ការប្រើប្រាស់ធនធានទឹករបស់ទន្លេប្រកបដោយសមធម៌ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាអតិបរមា ស្របពេលដែលកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ឬសហគមន៍តាមដងទន្លេ ដែលរួមមានគ្រួសារអ្នកនេសាទ និងកសិកររាប់លាននាក់ដែលពឹងផ្អែកលើទន្លេនេះសម្រាប់អាហារ និងការចិញ្ចឹមជីវិត។
ស្របពេលដែលភាពខុសគ្នានឹងកើតឡើងម្តងម្កាលរវាងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ជាតិ និងអ្វីដែលល្អបំផុតសម្រាប់តំបន់ សមិទ្ធិផលដែលបានរៀបរាប់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះបង្ហាញថា កិច្ចសហប្រតិបត្តិការនៅទីបំផុតផ្តល់លទ្ធផល ហើយនឹងបន្តផ្តល់លទ្ធផលបែបនេះនៅពេលអនាគតទៀត នេះបើយើងតាមមន្ត្រីជាន់ខ្ពស់ជនជាតិថៃម្នាក់ដែលបានសម្រង់ឡើងក្នុងរបាយការណ៍នេះ។
លោកបណ្ឌិត ស៊ូរ៉ាស្រីគិដ ធីមនធុន(SurasriKid timonton) សមាជិកនៃគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គសម្រាប់ប្រទេសថៃដែលជាអគ្គលេខាធិការនៃការិយាល័យធនធានទឹកជាតិថៃនិងលេខាធិការដ្ឋានគណៈកម្មាធិការទន្លេមេគង្គជាតិថៃ មានប្រសាសន៍ថា៖ “បច្ចុប្បន្ននេះគណៈកម្មការទនេ្លមេគង្គមានគោលនយោបាយនិងនីតិវិធីរឹងមាំក្នុងការដោះស្រាយអភិបាលកិច្ចទឹកឆ្លងដែនដោយផ្អែកលើគោលការណ៍សហប្រតិបត្តិការកាតព្វកិច្ចនិងសុច្ឆន្ទៈនៃសន្ធិសញ្ញា“៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា