ក្នុងប្រតិបត្តិការត្រួតពិនិត្យអនុលោមភាព បង្ក្រាបអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ ដេប៉ូប្រេងឥន្ធនៈ មន្ត្រី សាខា ក.ប.ប. ខេត្តតាកែវ កណ្តាល កំពង់ធំ កំពត ព្រះសីហនុ រតនៈគិរី និងរាជធានីភ្នំពេញ នៅថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៣ បានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំង ក្នុងចំណោម ស្ថានីយ ដេប៉ូចំនួន៤១ ពុំមានភាពអនុលោមភាពផ្នែកបរិមាណ ដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
ការត្រួតពិនិត្យនេះត្រូវបានធ្វើឡើងនៅតាមបណ្តាទីតាំងសំខាន់ៗក្នុងរាជធានី ខេត្តខាងលើ តាមរយៈការត្រួតពិនិត្យលើចំនួនលីត្រដែលបាញ់ចេញពីដៃបាញ់ប្រេងឥន្ធនៈ ការក្លែងបន្លំគុណភាព និងតាមដានតម្លៃលក់រាយផងដែរ។ ដោយឡែកសម្រាប់អាជីវករដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រីជំនាញពិន័យអន្តរការណ៍តាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF