នៅថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិសាស្ត្រនៃខេត្តខាងលើ មន្ត្រីជំនាញ ក.ប.ប. អនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដោយធ្វើការចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទនៅលើទីផ្សារ និងដេប៉ូចែកចាយទំនិញនានា។ ក្នុងបេសកកម្មនេះ មន្ត្រីយើងក៏បានធ្វើតេស្តបឋមលើ ណែម សរុបចំនួន ២គំរូ ដើម្បីពិនិត្យក្រែងមានការដាក់លាយសារធាតុគីមីហាមឃាត់ផ្សេងពីអាជីវកម្ម។ ជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញមានការលាយសារធាតុគីមីក្នុងសំណាកគំរូទាំងនោះទេ ដោយឡែកបានរកឃើញ និងដកហូតទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងមិនមានអនុលោមភាពតាមច្បាប់ រួមមានប្រហិត ប៊ីចេង ទឹកដោះគោខាប់ សរុបចំនួន ៥២.៣គីឡូក្រាម រួមទាំងទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខមួយចំនួនផងដែរ។
ម្ចាស់ទំនិញពុំមានអនុលោមភាពទាំងនោះ ត្រូវបានតម្រូវឱ្យទទួលខុសត្រូវចំពោះមន្ត្រីមានសមត្ថកិច្ច ហើយមន្ត្រីជំនាញបានបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព នៅតាមទីតាំងអាជីវកម្មទាំងនោះថែមទៀតផង៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF