រង្វង់មូលរូបសំណាក់ហ្លួងព្រះស្ដេចកនធ្វើពីស្ព័នកំពូល១៣.៣៥ម៉ែត្រ សម្រេចបានប្រមាណ៧០%ហើយ

0

ត្បូងឃ្មុំ៖ រូបសំណាក់ហ្លួងព្រះស្ដេចកន កម្ពស់ពីដីដល់ចុងកំពូល១៣.៣៥ម៉ែត្រ និងរូបសេះកម្ពស់រូប១១ម៉ែត្រ ធ្វើពីស្ព័នគ្រឹះបេតុង នៅចំកណ្តាលរង្វង់មូលហ្លួងព្រះស្តេចកន ដែលមានអង្កត់ផ្ចិត៣៦ម៉ែត្រ និងមានផ្ទៃក្រឡា១,០១៧ម៉ែត្រការ៉េ សម្រេចការសាងសង់បានប្រមាណ៥០%ហើយ និងផ្លូវបេតុងភ្លោះ គិតពីរង្វង់មូល១គីឡូម៉ែត្រសងខាង សរុបប្រវែង២គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណ៧០%ហើយ បើគិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខនេះ ។

រង្វង់មូលហ្លួងព្រះស្ដេចកន និងផ្លូវបេតុងនេះ ស្ថិតនៅចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ១៥៧+២១០ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

រង្វង់មូលហ្លួងព្រះស្ដេចកន ផ្លូវបេតុង និងសមិទ្ធផលនានាទាំងអស់បន្ថែមនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍន៍គ្រប់មូលដ្ឋាននៅក្នុងខេត្ត បាននឹងកំពុងអភិវឌ្ឍន៍កាន់តែប្រសើរឡើង ខណៈដែរការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។

ក្នុងនោះដែរ រង្វង់មូលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត និងសម្រួលដល់ការធ្វើដំណើរ និងដឹកបញ្ជូន ។

រង្វង់មូលដ៏ល្អមួយនេះ បានលេចចេញជារូបរាងឡើង ពិតជាឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មានវឌ្ឍនភាពលើគ្រប់វិស័យគួរជាទីមោទន។

គូសបញ្ជាក់ថា៖ គម្រោងសាងសង់ពង្រីកផ្លូវជាតិលេខ៧ និងរង្វង់មូលហ្លូងព្រះស្តេចកននេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ការងារអនុវត្តន៍បានប្រហែល៧០%ហើយ ដោយក្នុងនោះ ជាប្រភេទផ្លូវបេតុងគិតពីរង្វង់មូល១គីឡូម៉ែត្រសងខាង សរុបប្រវែង២គីឡូម៉ែត្រ មានទទឹងម្ខាង២២ម៉ែត្រ និងមានសួនកណ្តាលប្រវែង២ម៉ែត្រ។ ម្យ៉ាងទៀត ការងារសាងសង់ជំហ៊ានបន្ត នឹងពង្រីកផ្លូវបន្ថែមប្រវែង ៣០០០ម៉ែត្រ ដាក់លូសងខាងផ្លូវ រៀបចំការ៉ូឡា និងចំណតរថយន្តបន្ថែមទៀតផងដែរ។

សូមជម្រាបផងដែរថា រង្វង់មូល(ហ្លួងព្រះស្ដេចកន) នេះ គឺជាសមិទ្ធផលមួយថ្មី បន្ថែមលើសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ រួមមានបុរីរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារសាធារណៈ ទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បង្គោលភ្លើងបំភ្លឺសាធារណៈ ដាំកូនឈើ ដាំផ្កាលម្អសោភ័ណភាព .ល. ដែលត្រូវបានស្ថាបនារួច ក៏ដូចជាកំពុងស្ថាបនាសាងសង់ និងរៀបចំជាបន្តបន្ទាប់៕

ប្រភព៖ ក្រសួងព័ត៌មាន