អភិបាលរងខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យរោងចក្រកែច្នៃជ័រកៅស៊ូ CRCK2

0

កំពង់ធំ៖ ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម CRCK2 បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជា ដោយបានរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ច និងបានបង្កើតការងារដល់ប្រជាជនកម្ពុជា។

នេះជាការលើកឡើងរបស់លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ក្នុងឱកាសដែលលោកអញ្ជើញទស្សនកិច្ច និងពិនិត្យរោងចក្រកែច្នៃជ័រកៅស៊ូ ស៊ី.អ.ស៊ី.ខេ២ (CRCK2) នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

លោកអភិបាលរងខេត្តកំពង់ធំ បានស្វាមគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះក្រុមហ៊ុនសម្ព័ន្ធ ឧស្សាហកម្មកៅស៊ូវៀតណាម ដែលបានខិតខំបណ្តាក់ទុន ធ្វើការវិយោគនៅកម្ពុជា រហូតទទួលបានជោគជ័យដ៏ល្អប្រសើរ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការនាំចេញទៅកាន់ប្រទេសនានាដែលជាទីផ្សារដ៏ធំបំផុតរបស់កៅស៊ូវៀតណាម។ កម្ពុជាសង្ឃឹមថា សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវាក់ផលិតកម្ម ឱ្យកាន់តែបានល្អថែមទៀត ជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា ដើម្បីសម្រេចបានលទ្ធផលដ៏ល្អនាពេលខាងមុខ។

លោកអភិបាលរងខេត្តបន្ថែមថា ដំណាំកៅស៊ូ បានរួមចំណែកបង្កើនគម្របព្រៃបៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា ហើយថែមទាំងបានចូលរួមចំណែក កសាងហេដ្ឋារចនាសម្ព័ន្ធ នៅជនបទផងដែរ។ ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជាគឺ ៖ ១- រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ ២-បានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទជាច្រើននាក់ ជាពិសេសតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ។ ៣- ដំណាំកៅស៊ូបានរួមចំណែក បង្កើនគម្របព្រៃបៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា ។ ៤- បានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ នៅជនបទផងដែរ។

នៅថ្ងៃដដែលនេះដែរ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ក៏បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យសហគ្រាសធុនតូច រោងម៉ាស៊ីនកិនស្រូវរបស់លោក រស់ សុផារិទ្ធ ស្ថិតនៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក រស់ សុផារិទ្ធ បញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ដៃគូសហការជាមួយដៃគូផ្សេងៗ រួមមានការឧបត្ថម្ភពីរដ្ឋតាមរយៈ ARDB, ADB ផង។ យើងមានថែមឡសម្ងួតដែលជាជំនួយរបស់ ADB ហើយអាចផលិតនាំចេញបាន ៣០០ ទៅ៥០០តោន ក្នុងមួយខែ មានកម្មករ ២៨នាក់ ស្រី១៥នាក់។

លោកអភិបាលរងខេត្តក៏បានបន្តពិនិត្យ សិប្បកម្មកែច្នៃត្រី របស់លោក សួង សោភ័ណ ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលលោកចាប់ផ្តើមកែច្នៃត្រីជាមួយម្តាយ តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន ប្រើប្រាស់កម្លាំងពលកម្ម ០៨នាក់ ស្រី០៦នាក់ផងដែរ ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា