លោក Felix Dalmas គ្រូបង្គោលកម្ពុជាលើកឡើងថា «ហុងកុងជាក្រុមមួយខ្លាំងជាងក្រុមកម្ពុជា ដូច្នេះកម្ពុជាចង់លេងជាមួយហុងកុង ដើម្បីពង្រឹងបន្ថែមដល់ក្រុមកម្ពុជា មុនពេលប្រកួតជម្រុះជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាខែតុលា ឆ្នាំ២០២៣ នៃពានរង្វាន់FIFA World Cup2026»។
នេះជាការលើកឡើងរបស់គ្រូបង្គោលកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នៅទីស្នាក់ការនៃពហុកីឡដ្ឋានជាតិអូឡាំពិក មុនប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមហុងកុង នាវេលាម៉ោង ១៩:០០ យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក Felix Dalmas លើកឡើងថា ក្រុមកម្ពុជាបានដំណើរការហ្វឹកហាត់ត្រៀម៦ថ្ងៃហើយៗនេះក៏ជាការប្រមូលផ្តុំលើកទី២ ក្រោយពីលោកត្រូវបានតែងតាំងជាគ្រូបង្គោលកម្ពុជា ជាថ្មី។ លោកបញ្ជាក់ថា៖ «ក្រុមហុងកុងជាក្រុមមួយខ្លាំងជាងក្រុមកម្ពុជា ដូច្នេះយើងចង់លេងជាមួយហុងកុង ដើម្បីពង្រឹងបន្ថែមដល់ក្រុមកម្ពុជា»។
ពាក់ព័ន្ធការបំបែកក្រុម U23 កម្ពុជា និងក្រុមជម្រើសជាតិឈុតធំ ជាពីរក្រុម និងកំពុងបេសកកម្មដោយឡែកពីគ្នា គឺជាផលលំបាកមួយដែរ ដោយលោក Felix Dalmasក៏កំពុងស្វែងរកតុល្យភាពរវាងក្រុមទាំងពីរ ដោយកីឡាករ ឈុត U23 ដែលលេងជើងឯក U23 នៅប្រទេសកន្លងទៅថ្មីៗនេះកំពុងត្រៀមការប្រកួត ការប្រកួតវគ្គជម្រុះក្នុងពូល J នឹងត្រូវចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអូឌីតខណៈក្រុមកីឡាករឈុតធំកំពុងប្រមូលផ្តុំសម្រាប់មិត្តភាពអន្តរជាតិ ២ប្រកួត នាយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយក្រុម ហុងកុង និងជាមួយក្រុម ម៉ាកាវ នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
ចំពោះគ្រូបង្គោលហុងកុង លោក Jørn Andersen បានលើកឡើងដែរថា លោកជឿជាក់ថា ការប្រកួតមិត្តភាពថ្ងៃស្អែកជាមួយម្ចាស់ផ្ទះកម្ពុជា គឺជាការប្រកួតមួយដ៏តានតឹង ដោយលោកគឺជាគ្រូថ្មីរបស់ក្រុមហុងកុង ហើយលោកធ្លាប់ដឹកនាំក្រុមជួបជាមួយក្រុមកម្ពុជា វគ្គជម្រុះ World Cup នៅប្រទេសឥណ្ឌាកន្លងទៅម្តងដែរ។ យ៉ាងណាគ្រូបង្គោលហុងកុងរូបនេះប្តេជ្ញាដឹកនាំការប្រកួតឱ្យបានល្អបំផុត។
គួរបញ្ជាក់ថា នេះជាការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយហុងកុង និងម៉ាកាវ ដើម្បីត្រៀមប្រកួតជម្រុះនៃបាល់ទាត់ពិភពលោក FIFA WORLD CUP 2026 ជុំទី១ គឺក្រុមជម្រើសជាតិកម្ពុជាត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន ចំនួន២ជើង ដែលជើងទី១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិអូឡាំពិក ខណៈជើងទី២នឹងប្រកួតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសប៉ាគីស្ថាន។ ក្រុមឈ្នះ១ក្រុម រវាងកម្ពុជា ឬ ប៉ាគីស្ថាន នឹងត្រូវបន្តឡើងទៅប្រកួតនៅជុំទី២ ក្នុងពូល G ជាមួយ៣ប្រទេសផ្សេងទៀត គឺក្រុម Saudi Arabia, Jordan និង Tajikistan៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា