ឯកឧត្ដម គង់ សោភ័ណ្ឌ ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

0

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ ភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាង  រហ័ស។

ការមានប្រសាសន៍ដូចនេះ នៅពេលឯកឧត្ដម អញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តន៍បន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល កាលថ្ងៃពុធ ៦រោច ខែស្រាពណ៍ ​ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ការអនុវត្តការងារក្នុងខែសីហាកន្លងទៅនេះ រដ្ឋបាល ខេត្តកណ្ដាល បានសម្រេចនូវសមិទ្ធផលនានាជាច្រើន ពិសេសពាក់ព័ន្ធនឹងការរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ។ លទ្ធផលល្អប្រសើរនេះ កើតឡើងដោយមានកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរ ពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់។

ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ នៅក្នុងខេត្ត រួមជាមួយខណ្ឌរដ្ឋបាលជលផលខេត្ត ត្រូវធ្វើការបង្ក្រាបឱ្យបាន នូវបទល្មើសនេសាទខុសច្បាប់នានា តាមស្ទឹង បឹង ព្រែក ពិសេសបទល្មើសឆក់តាមដងទន្លេ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ក្រៅពីនេះផងដែរអភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរ៉ែ ថាមពលខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការជីកយកអាចម៍ដីខុសច្បាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ជំរុញឱ្យគ្រប់ម្ចាស់អាជ្ញាប័ណ្ណទាំងអស់ ត្រូវបង់សួយសារជូនរដ្ឋ ដែលជាកត្តាសំខាន់ក្នុងការប្រមូលនូវថវិកាជូនជាតិ និងខេត្តរបស់យើងផងដែរ។ ក្រៅពីនេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូ វពង្រឹងរាល់ការដឹកដី ខ្សាច់ គ្រោះ ថ្ម នៅមូលដ្ឋានរបស់ខ្លួន ឱ្យគោរពទៅតាមច្បាប់ ដែលបានកំណត់ដោយក្រសួង។ កុំបណ្ដោយឱ្យការដឹកនោះ ធ្វើឱ្យខូចផ្លូវសាធារណៈ បាត់បង់ស្ដាប់ធ្នាប់ សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវ បណ្ដាលមកពីការដឹក ដែលមិនគោរពទៅតាមលក្ខខណ្ឌបច្ចេកទេស ដែលច្បាប់បានកំណត់ បណ្ដាលធ្វើឱ្យបាត់សោ ភណភាពទីក្រុង និងទីប្រជុំជនផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា ចំពោះការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញ-ចូលតែមួយ ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ចាត់ចែង និងផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព និង គណនេយ្យភាព។ មន្រ្តីយើងត្រូវបន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ។ ជាពិសេស សំណូមពរ និងបញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមក។ ត្រូវចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, បញ្ហាគ្រឿងញៀន, ការជួញដូរមនុស្ស, និងការបង្ខិតបង្ខំពលកម្ម  ឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា