បរទេស៖ ថ្នាក់ដឹកនាំកម្ពុជា និង ចិន រំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ ប្រទេសចិន នាពេលខាងមុខដ៏ខ្លីនេះ។
ក្នុងជំនួបសម្ដែងការគួរសម រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និង បង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការនៃការពង្រឹង និង ពង្រីកកិច្ចស ហប្រតិបត្តិការ រវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត។
ក្នុងពេលជាមួយគ្នា ឯកឧត្តម លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង និង រូប ឯកឧត្តម ផ្ទាល់ ជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរ, សម្តេចធិបតី ក៏សូមពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និង នឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និង ប្រទេសកម្ពុជា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា