បរទេស៖ នៅចំពោះមុខ ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងជំនួបសម្ដែងការគួរសម នាល្ងាចថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេបន្ថែមទៀត, ជាពិសេស សម្រាប់ដំណើរការនៃការរៀបចំខ្លួន ចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខ។
សម្តេចធិបតី បានបន្ថែមថា ការជួយប្រទេសទីម័រឡេស្តេនេះ ក៏ជាមោទកភាពរបស់កម្ពុជាផងដែរ ព្រោះកម្ពុជាដែលបានឆ្លងកាត់សោកវិនាសកម្ម ១០០០ជំពួក យល់យ៉ាងច្បាស់អំពីស្ថានភាព និងបរិការណ៍ ដែលប្រទេសទីម័រឡេស្តេកំពុងស្ថិតនៅនាពេលបច្ចុប្បន្ន។
ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះប្រទេសកម្ពុជា, ជាពិសេស ជូនចំពោះ សម្តេចតេជោ ដែលតែងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ប្រទេសទីម័រឡេស្តេ ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល។
ឯកឧត្តម នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានសង្កត់ធ្ងន់ថា ការជួយឱ្យប្រទេស ទីម័រឡេស្តេ ក្លាយជាប្រទេសសង្កេតការផ្លូវការនៅក្នុងអាស៊ាន ខណៈដែលកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និង ការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការក្លាយ ជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និងជាមាគ៌ាដ៏ សំខាន់សម្រាប់ឱ្យប្រទេសទីម័រ ឡេស្តេ រៀនសូត្រ និង រៀបចំខ្លួនដើម្បីក្លាយ ជាសមាជិក អាស៊ានក្នុងរយៈពេលដ៏ខ្លីខាងមុខ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា