ក្រសួងព័ត៌មាន ស្នើភាគីឥណ្ឌាជួយគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំប្រព័ន្ធ Digital ដែលមានសុវត្ថិភាពល្អ ដើម្បីធ្វើការដាក់ បញ្ជូលហ្វីលរូបថត ឯកសារសំខាន់ៗ និងចាស់ៗ

0

ភ្នំពេញ៖ កម្ពុជានិងឥណ្ឌាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការងារផ្សព្វផ្សាយព័ត៌មាន​និងការបណ្តុះ​បណ្តាលធនធាន​មនុស្សក្នុងវិស័យព័ត៌មាន។ ការប្តេជ្ញានេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ ភាគីទាំងពីរបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយព័ត៌មាន រវាងស្ថាប័នព័ត៌មានជាតិ រួមមានទូរទស្សន៍ជាតិកម្ពុជា TVK វិទ្យុជាតិកម្ពុជា RNK និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ជាមួយ​ទូរទស្សន៍ជាតិរបស់ឥណ្ឌា។

នៅក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានជម្រាជូនលោកជំទាវឯកអគ្គរដ្ឋទូត​ឥណ្ឌា​ពីកិច្ចការងារអាទិភាពមួយចំនួនរបស់ក្រសួងព័ត៌មានសម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដោយក្នុងនោះគឺការធ្វើ​ទំនើបកម្ម​ស្ថាប័នក្រសួង ដោយពង្រឹងប្រសិទ្ធភាពស្ថាប័ន គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការធ្វើបច្ចុប្បន្នភាពឡើងវិញនូវ​លិខិតបទដ្ឋានគតិយុត្ត និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួងសំដៅ​សម្រេចឱ្យបាននូវ​ចក្ខុវិស័យធ្វើឱ្យក្រសួងព័តមានទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម មានគុណភាព និងប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានស្នើឱ្យភាគីឥណ្ឌាជួយក្រសួងព័ត៌មានលើការបណ្តុះបណ្តាលធនធាន​មនុស្ស​របស់​មន្ត្រីក្រសួងព័ត៌មានលើផ្នែកជំនាញព័ត៌មាន និងសោតទស្សន៍ ព្រមទាំងស្នើសុំឥណ្ឌាគាំទ្រផ្នែកបច្ចេកទេសលើការជួយ​រៀបចំប្រពន្ធ័ Digital ដែលមានសុវត្ថិភាពល្អ ដើម្បីធ្វើការដាក់បញ្ជូលហ្វីលរូបថត ឯកសារសំខាន់ៗ ចាស់ៗ ស្ថិតក្រោមការគ្រប់គ្រង​របស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្នុងការធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពល្អ និងងាយស្រួលស្វែងរក។

ជាការឆ្លើយតប លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នឹងធ្វើការពិនិត្យជាមួយផ្នែកពាក់ពន្ធ័នានា ក្នុងការជួយរៀបចំប្រពន្ធ័ឌីជីថលដែលមានភាពងាយ ស្រួលគ្រប់គ្រង មានសុវត្ថិភាព ធានាគុណភាពល្អ នូវរាល់ហ្វីលរូបថតឯកសារ​សំខាន់ៗរបស់កម្ពុជា តាំងពីមុនៗមក។ តាមរយៈកិច្ចការងារនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញទៅ​ពិនិត្យមើលផ្ទាល់ ដល់កន្លែងការិយាល័យ ថែរក្សាហ្វីល និងឯកសាររូបថត ស្ថិតនៅអគារ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន ដែលបានរក្សាទុកទៅដោយរូបថតចាស់ៗ តាំងពីឆ្នាំ១៩៧៨ រហូតដល់បច្ចុប្បន្ន ជាង ២០ មុឺន ហ្វីលរូបថត ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា