ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើសុំឯកឧត្ដមឯកអគ្គរាជទូតជប៉ុន ជួយក្រសួងព័ត៌មានលើការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យឆ្លើយតបទៅនឹងការវិវឌ្ឍរីកចម្រើនបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ នេះគឺជាការលើកឡើងរបស់ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃវិស័យព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្រ្ដា បានថ្លែងថា ក្រសួងព័ត៌មាននឹងធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួនដោយរៀបចំទីកន្លែងសម្រាប់បំពេញការងារនិងការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងបរិបទសង្គមបច្ចុប្បន្ន។ ទាក់ទងនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ផងដែរថា នេះគឺជាបញ្ហារួមដែលបណ្តាប្រទេសទាំងអស់ត្រូវរួមគ្នាក្នុងការទប់ស្កាត់ព្រោះព័ត៌មានក្លែងក្លាយជាមានគ្រោះថ្នាក់សម្រាប់សង្គម។ ឯកឧត្តមក៏ជម្រាបជូនឯកអគ្គរាជទូតជប៉ុនដោយអះអាងថា ក្រសួងព័ត៌មាន នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់។ ជាងនេះទៅទៀត ក្រសួងព័ត៌មាន នឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្តន៍។
ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះជំនួបទ្វេភាគីជាមួយភាគីជប៉ុនដោយបានគូសបញ្ជាក់ថា ឯកឧត្តមឯកអគ្គរាជទូតជប៉ុនគឺជាមន្ត្រីការទូតទី១ ដែលឯកឧត្តមបានជួបពិភាក្សាក្រោយពេលឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនជាពិសេសនៅឆ្នាំ២០២៣ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រជប៉ុន។
ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីទំនាក់ទំនងល្អរវាងជប៉ុននិងកម្ពុជា និងបានលើកបង្ហាញពីសមិទ្ធផលជាច្រើននៃទំនាក់ទំនងការទូត ដែលជប៉ុនបានជួយដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាក្នុងការកសាងបន្ទប់ផ្សាយ ព្រមទាំងផ្តល់នូវសម្ភារផ្សព្វផ្សាយកាលពីឆ្នាំ១៩៩៨ រួមនឹងការផ្តល់នូវកម្មវិធីទូរទស្សន៍ផ្សេងៗទៀតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មានក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតរ៉ូបូតឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យនាពេលកន្លងទៅដែលឯកឧត្តមមានជំនឿថាតាមរយៈកម្មវិធីនេះនឹងជួយឱ្យយុវជនខ្មែរ មានការសិក្សាកាន់តែច្រើនលើផ្នែកវិទ្យាសាស្ត្រនិងវិស្វករ។
ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងពីការប្រឆាំងនឹងព័ត៌ មានក្លែងក្លាយផងដែរ និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយូរអង្វែងទៅមុខជាមួយក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អំពីការដាក់ ចុះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពមានបេសកកម្មជាប្រវត្តិសាស្ត្រចំនួន ២ គឺថែរក្សានិងថែបំប៉នសន្តិភាព និងទី២ គឺកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុនដែលបានគាំទ្រនិងផ្តល់កម្មវិធីផ្សេងសម្រាប់បង្កើតខ្លឹមសារសម្បូរបែបសម្រាប់ពលរដ្ឋខ្មែរ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ពីការសន្យាបន្តទំនាក់ទំនងល្អ ជាមួយនឹងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានជួយប្រទេសកម្ពុជា។
សូមជម្រាបជូនថា ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ក៏បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផល និងសម្ភារបច្ចេកទេស នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា