យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្តីពីការដាក់ឱ្យអនុវត្តសាកល្បង ការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញ-ចូលតែមួយ រាជធានីភ្នំពេញ ។
សេចក្ដីជូនដំណឹងបានឱ្យដឹងបន្តថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ជ្រាបថា ដើម្បីវិវត្តន៍ទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់ នៅសាលារាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្តសាកល្បងការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) លើវិស័យចំនួន៤ គឺវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, និងវិស័យទេសចរណ៍។
ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតែអាចអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់ នៅអង្គភាពច្រកចេញ-ចូលតែមួយ រាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ អាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដូចមុនដដែល។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ដាក់ពាក្យ ស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) សូមចូលទៅកាន់គេហទំ ព័រ http://online.owso.gov.kh/ ដើម្បីបង្កើតគណនីសម្រាប់ស្នើសុំសេវារដ្ឋបាលទាំង៤វិស័យខាងលើ ដោយភ្ជាប់ឯកសារពាក់ព័ន្ធ តាមការណែនាំក្នុងជំហាននីមួយៗ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា