អភិបាលខេត្តកំពង់ស្ពឺ៖ សហគ្រិនចិននៅខេត្តហឺណាន សម្លឹងមើលឱកាសវិនិយោគផ្នែកចិញ្ចឹមសត្វ និងដាំដំណាំជាច្រើនមុខនៅខេត្តកំពង់ស្ពឺ

0

កំពង់ស្ពឺ៖ យ៉ាងតិចមានក្រុមហ៊ុន៥០ ដែលជាសមាជិក នៃសហព័ន្ធសហគ្រិនចិនក្រៅប្រទេស ខេត្តហឺណាន (Henan Federation of Oversea Chinese Entrepreneurs) កំពុងសម្លឹងមើលឱកាសវិនិយោគផ្នែក ចិញ្ចឹមសត្វ និងការដាំដំណាំជាច្រើនមុខនៅខេត្តកំពង់ស្ពឺ។

 

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើទស្សនកិច្ចនៅខេត្តហឺណាន ប្រទេសចិន បានប្រាប់ឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថា ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេមួយ នៅប្រទេសចិនផងដែរ។

 

យោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ពីខេត្តហឺណាន នាថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ឱ្យដឹងទៀតថា សហព័ន្ធសហគ្រិនចិនក្រៅប្រទេសប្រចាំខេត្តហឺណាន ពិតជាមានបំណងលើកកម្ពស់ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការវិនិយោគ រវាងខេត្តកំពង់ស្ពឺ និងសហព័ន្ធសហគ្រិនចិនក្រៅប្រទេសប្រចាំខេត្តហឺណាន លើវិស័យកសិកម្ម, ពាណិជ្ជកម្ម, ថាមពលស្អាត, យានយន្តអគ្គិសនី, និង វិស័យផ្សេងៗទៀត។

 

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺបន្តថា ផ្អែកលើតម្រូវការក្នុងការបង្កើតឱកាសវិនិយោគ នៅក្នុងវិស័យផ្សេងៗទៀត ដើម្បីបម្រើផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក និងទទួលស្គាល់អំពីសារៈសំខាន់ក្នុងការអនុវត្ត កម្មវិធីសហការដ៏រឹងមាំ នៅក្នុងវិស័យដែលបានលើកឡើងខាងលើ ដោយមានគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្អែកលើគោលការណ៍សមធម៌ និងផលប្រយោជន៍ទៅវិញទៅមក និងសម្របសម្រួលកិច្ចសហប្រតិបត្តិការវិនិយោគ រវាងខេត្តកំពង់ស្ពឺ និងសហព័ន្ធសហគ្រិនចិនក្រៅប្រទេស ប្រចាំខេត្តហឺណាន នៅក្នុងវិស័យកសិកម្ម, ពាណិជ្ជកម្ម, ថាមពលស្អាត, យានយន្តអគ្គិសនី, និងវិស័យនានាផ្សេងៗទៀត និងពង្រឹងទំនាក់ទំនងផលប្រយោជន៍ទៅវិញទៅមកផងដែរ។

 

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគទៅលើបច្ចេកវិទ្យា, ផលិតផល, សេវាកម្ម, និងដំណោះស្រាយគ្រប់ជ្រុងជ្រោយ នៅក្នុងវិសាលភាពកិច្ចសហប្រតិបត្តិការ នៃខ្សែសង្វាក់ វិស័យកសិកម្ម ដូចជា៖ បច្ចេកវិទ្យាបង្កាត់ពូជ, ចំណីសត្វ, និងការចិញ្ចឹមសត្វ, ការដាំដំណាំកសិកម្ម, ការកែច្នៃចំណីអាហារ, ការអភិវឌ្ឍឧទ្យានទេសចរណ៍កសិកម្ម, ការអភិវឌ្ឍរោងចក្រកសិកម្មប្រើគ្រឿងម៉ាស៊ីនធុនស្រាល, ការបង្កើតវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម, ការកែច្នៃកសិកម្ម, បច្ចេកវិទ្យាថាមពលស្អាតសម្រាប់កសិកម្ម។

លោក វ័ង ហ្គ័ងហ្គួ (Wang Guangguo) នាយកប្រតិបត្តិសហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន បានប្តេជ្ញាជំរុញសហគ្រាសជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ, ជ្រូក, ក៏ដូចជា ឧស្សាហកម្មកែច្នៃសាច់គោ, និងសាច់ជ្រូក ផងដែរ ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា