កោះកុង៖ នៅថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមទីផ្សារសំខាន់ៗនៃ ខេត្តកំពង់ឆ្នាំង កំពត រតនៈគិរី កោះកុង និងរាជធានីភ្នំពេញ មន្ត្រី ក.ប.ប. បានចុះអនុវត្តតួនាទីរបស់ខ្លួនក្នុងការអង្កេតទីផ្សារ ស្វែងរកនិងដកហូតទំនិញខូចគុណភាព ពុំមានអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ដោយបានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងបានរកឃើញទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព មិនមានភាពអនុលោមសរុបចំនួន ១៦.៤២គីឡូក្រាម។
ដោយឡែក ពពុះសណ្តែក មានលាយសារធាតុបូរ៉ាក់(Borax) ចំនួន ៨.៥គីឡូក្រាម ត្រូវបានរកឃើញ នៅផ្សារដងទង់ នៃក្រុងខេមភូមិន្ទ ខេត្តកោះកុង។ អាជីវករដែលបានលក់ទំនិញពពុះសណ្តែកមិនមានអនុលោមទាំងនោះ ត្រូវបានមន្ត្រីជំនាញតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការលក់បែបនោះតទៅទៀត បើពុំដូច្នេះទេនឹងត្រូវទទួលវិធានការធ្ងន់ធ្ងរពីមន្ត្រីជំនាញ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF