រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់និងលើឆាកអន្តរជាតិ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជាដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។ នេះគឺជាលើកទី១ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូ ទស្សនកិច្ចក្រៅប្រទេស។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃទី០៤ ខែកញ្ញា នេះថា៖«ការចេញដំណើររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដើម្បីអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមេដឹកនាំក្មេងជាងគេក្នុងចំណោមមេដឹកនាំដែលចូលរួមប្រជុំនៅហ្សាកាតាក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំប្រទេសធំៗជាច្រើនទៀតមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។ នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយជាមួយតំណាង ប្រទេស មហាអំណាច ធំៗដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា , គណៈប្រតិភូសភានិងតំណារដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ជាដើម»។

យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ, រហូតមកទល់ពេលនេះ មានមេដឹកនាំ ដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹក នាំ ជាន់ខ្ពស់ មកពីជាង ៤០ ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោកបានផ្ញើសារ អបអរសាទរជូន ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ មានប្រទេសខ្លះ បានផ្ញើរសារអបអរសាទររហូតដល់ ពីរឬបីក៏មានពោលគឺសារ​អបអរសាទរពីនាយករដ្ឋមន្ត្រីឬប្រធានាធិបតីផង រដ្ឋមន្ត្រីការបរទេសផង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផង។ នេះសបញ្ជាក់អំពីសន្តាន​ចិត្តនិងមនោសញ្ចេតនាគាំទ្រដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះមកលើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានក្លាយ​ជានាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជាតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ក្រឡេកទៅមើលការបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ អត្រានៃការចូលរួមបោះឆ្នោត​មាន រហូតដល់ជាង ៨៤% ក្នុងនោះមានអ្នកបោះឆ្នោតជាង ៨២% បានទម្លាក់សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ មានន័យថា ប្រជាពលរដ្ឋខ្មែរគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី​បន្តវេន។ បើធៀបនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងពីជាង ៧៤% ដល់ជាង ៨២%។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរគាំទ្រយ៉ាងលើសលប់ដល់បេក្ខជន​នាយករដ្ឋមន្ត្រីបន្តវេនគឺសម្តេច​មហាបវរ ធិបតី ហ៊ុន ម៉ាណែត។ ឈរលើមូលដ្ឋានដូចបានលើកឡើងខាងលើ គេអាចសន្និដ្ឋានបានប្របកដោយភាពសត្យានុម័តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរនៅលើមូលដ្ឋានគ្រឹះនៃការគាំទ្រ​យ៉ាងរឹងមាំពី​សំណាក់​ផ្ទៃក្នុងជាតិផង ពីសំណាក់ប្រទេសក្នុងតំបន់ផង និងលើឆាកអន្តរជាតិផង៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា