កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនក្មេងទំនើង​៥នាក់​ ដែលតែងតែបង្កហិង្សា​ បង្កអសន្តិសុខដល់សង្គម​ ទៅសាលាដំបូងខេត្ត​

0

បន្ទាយមានជ័យ ៖ ដោយទទួលបានបទបញ្ជារពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត​ កម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបញ្ជូនក្មេងទំនើង​ទាំង៥នាក់​  ទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ នៅរសៀលថ្ងៃសៅរ៍ ២ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​បានឲ្យដឹងថា ៖ ក្រោយពីមានសកម្មភាពក្មេងទំនើង២ក្រុមមានគ្មាប្រហែល១២នាក់បង្កហិង្សាដេញវៃ និងយកដុំថ្ម មួកសុវត្ថភាព គប់គ្នាទៅវិញទៅមកបង្កភាពអណាធិបតេយ្យ​ និងបង្កអសន្តិសុខនៅមូលដ្ឋាន​កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខសាលាបឋមសិក្សាគោរដ្ឋាន ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ​ ​ចុះស្រាវជ្រាវតាមវិធានការជំនាញរហូតឈានដល់ការឃាត់ខ្លួនក្មេងទំនើង​បានជាបន្តបន្ទាប់ចំនួន៥នាក់​នៅវេលាម៉ោង២រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងចំណោមបក្ខពួកជាច្រើននាក់ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកមេបញ្ជាការបានបន្តថា៖ ក្មេងទំនើងទាំង៥នាក់​  ១.ឈ្មោះ​ វណ្ណ វិសាល (ហៅយ៉ា)​ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ នេត នូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ​ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ៣.ឈ្មោះ ហឿម គឹមហាវ (ហៅហួរ) ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​។ ៤.ឈ្មោះ សែត ប៊ុនយ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ៥.ឈ្មោះ ធូ សំណាង(ដែន) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស​បានឱ្យដឹងថា​៖ក្រោយឃាត់ខ្លួន​ និងសួរចម្លើយ​ ក្មេងទំនើងទាំង០៥នាក់​ ខាងលើបានឆ្លើយបដិសេដថា ពួកខ្លួនមិនបានចូលរួមប្រព្រឹត្តសកម្មភាពកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នោះទេ​ គឺក្រុមOMB អូរអំបិល​ ជាអ្នកបង្កហិង្សា។ តែក្មេងទំនើងខាងលើបានទទួលស្គាល់ថា​ កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមរបស់ខ្លួន BTK (ក្រុមបឹងត្រកួន)​ រួមជាមួយក្រុម KRK(ក្រុមការ៉េមកី) និងក្រុមវិទ្យាល័យ​ សម្តេចឪ​ ពិតជាបានមានជម្លោះឈានដល់ការប្រើហិង្សាគប់ទៅលើ ក្រុមOMB (ក្រុមអូរអំបិល) ដែលជាគូជម្លោះពិតប្រាកដមែន ហើយក្រុមខាងលើគឺតែងតែបង្កអសន្តិសុខក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណជាញឹកញាប់។ រាល់ពេលក្រុមខាងលើបង្កបញ្ហា​ ក្រុមខ្លួនគឺមិនប្ដឹងសមត្ថកិច្ចនោះទេ គឺចាំសងសឹកគ្នាទៅវិញទៅមក  ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ