សៀមរាប៖ ក្រោយទទួលដំណឹងពីការតស៊ូ និងធ្វើដំណើរទៅសាលារៀន ដោយការជិះពោងបណ្ដែតតាមទឹកទន្លេសាប របស់កុមារី ឆុង គន្ធា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានចុះជួបសួរសុខទុក្ខគ្រួសាររបស់កុមារីគន្ធាដល់លំនៅឋាន ស្ថិតក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលជាសហគមន៍បណ្ដែតទឹកនៃបឹងទន្លេសាប ដើម្បីជាការលើកទឹកចិត្តដល់រូបនាង និងបង្ហាញភាពជាគំរូដ៏ល្អ សម្រាប់សិស្សានុសិស្សគ្រប់រូបយកតម្រាប់តាម សម្រាប់អនាគតភ្លឺស្វាង។
តាមការឱ្យដឹងពីលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បញ្ជាក់ថា កុមារីគន្ធា ជាសិស្សរៀននៅសាលាបឋមសិក្សាមេជ្រៃ ស្ថិតនៅភូមិពាមតាអួរ ដែលមានសិស្សសរុបជាង ២០០នាក់។ សាលារៀននេះ ត្រូវបានចល័តចុះឡើង ទៅតាមរដូវកាលទឹក ដែលជាហេតុធ្វើឱ្យសិស្សទាំងអស់ តែងតែធ្វើដំណើរតាមផ្លូវទឹក ដោយមធ្យោបាយផ្សេងៗ ដើម្បីទៅដល់សាលារៀន។ ចំពោះ កុមារីគន្ធា ដោយតែគ្រួសារមានជីវភាពទីទ័លក្រ ទើបនាងត្រូវចងស្នោផ្គុំគ្នាដាក់លើក្ដារ (ហៅថាពោង) ជំនួសទូក ដើម្បីធ្វើដំណើរទៅសាលារៀន។
លោក អភិបាលស្រុក បញ្ជាក់បន្ថែមថា បន្ទាប់ពីការចុះជួបសួរសុខទុក្ខកុមារីខាងលើ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋានពិនិត្យឲ្យបានដិតដល់ និងការគាំពារដល់កុមារ ផ្សេងទៀត ដែលមានជីវភាពប្រហាក់ប្រហែលគ្នានេះ ដោយ យកចិត្តទុកដាក់ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំសាលា ក៏ត្រូវធ្វើការគាំពារដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតដទៃទៀតផងដែរ។
គួរជម្រាបថា ក្នុងការជួបសួរសុខទុក្ខនោះ រដ្ឋបាលស្រុកពួក រួមនឹងអាជ្ញាធរមូលដ្ឋាន បានចូលរួមឧបត្ថម្ភថវិកាមួយចំនួន ផ្តល់ទូកស្មាច់ ១គ្រឿង សម្ភារសិក្សា សំលៀកបំពាក់ គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដល់គ្រួសារកុមារីគន្ធា ដោយឡែក សាលាបឋមសិក្សាមេជ្រៃ ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕
ប្រភព៖ AKP News