អង្គការILO បញ្ជាក់ថាកម្ពុជាមានអត្រានៃអ្នកមានការងារធ្វើ ៩៩.៥ ភាគរយ

0

ភ្នំពេញ៖ អង្គការអន្តរជាតិខាងការងារ ILO បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជា​ប្រទេស​ដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម ០.៥ភាគរយ ដែលមានន័យថា អ្នកមាន​ការងារធ្វើមានរហូតដល់ ៩៩.៥ភាគរយ ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេ ក្នុងចំណោម១៨៥ប្រទេស។

តាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ ILO បានរកឃើញនេះ គឺធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយអង្គការ ILO បានគូសបញ្ជាក់ថា ប្រទេសដែល​មាន​អត្រា​ការងារធ្វើខ្ពស់ផ្សេងៗទៀត រួមមាន៖ កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ, អាល្លឺម៉ង់ ជាដើមសុទ្ធតែជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចតួច។

បើ​តាមនិយមន័យក្នុងការកំណត់អត្រាអ្នកអត់ការងារធ្វើ ឬភាពមានការងារធ្វើសម្រាប់​ប្រទេសកម្ពុជា គឺមិនខុសពីបណ្តាប្រទេសនានានៅលើពិភពលោក រួមបញ្ចូលទាំងប្រទេស​ជប៉ុន សហរដ្ឋអាម៉េរិក ឡាវ វៀតណាម ជាដើម ដោយប្រើប្រាស់នូវនិយមតែមួយ​របស់អង្គការ​អន្តរជាតិខាងការងារ (ILO) ដែលបានកំណត់ថា អ្នកមានការងារធ្វើគឺសំដៅលើបុគ្គលទាំង​​ឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែលក្នុងរយៈពេលកំណត់ណាមួយ (មួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ) បានចូលរួមទៅក្នុងសកម្មភាពនានាក្នុងការផលិតផលិតផល ឬផ្តល់​សេវា​កម្ម ដើម្បីទទួលបានប្រាក់ខែ ឬការបង្កើតជាប្រាក់ចំណេញ ដែលក្នុងនោះរួមបញ្ចូលទាំង​អ្នក​ដែលមានវត្តមាននៅកន្លែងធ្វើការ និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការដោយសារ តែការ​ឈប់សម្រាកដោយសារមានជំងឺ ជាប់រវល់ធ្វើការសិក្សា ឬកត្តាផ្សេងៗ។

ដោយឡែក អ្នកគ្មានការងារធ្វើសំដៅលើ គឺសំដៅលើបុគ្គលទាំងឡាយណាដែល​ស្ថិត​នៅក្នុងវ័យធ្វើការ ដែល ១. មិនមានការងារ ២. កំពុងស្វែងរកការងារ និង ៣. អាចទទួលយក​ឱកាសការងារប្រសិនបើមាន។

ដោយផ្អែកលើនិយមន័យនេះ តាមសង្កេតឃើញថា ប្រទេសនៅលើពិភពលោក បាន​ទទួលជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ក្នុងបានប្រមូល​និងផលិតនូវទិន្នន័យ​ទាក់​ទងនឹងអ្នកមានការងារធ្វើ និងអ្នកគ្មានការងារធ្វើ។ យោងតាមប្រភពទិន្នន័យរបស់អង្គការ ILO បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបជាង ១ភាគរយ ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះ​គឺទាប​ជាង​គេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់​ប្រហែល​កម្ពុជា និងទាបជាងបណ្តាប្រទេសនានា នៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និង​ឡាវ៕

ប្រភព៖ ក្រសួងព័ត៌មាន