រដ្ឋមន្ត្រីក្រសួងការងារប្តេជ្ញាអនុវត្តការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព

0

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្តេជ្ញា​នឹង​ខិតខំ អភិវឌ្ឍន៍​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធានា​បាន​និរន្តរភាព​ចំពោះ​កម្មករនិយោជិត និង​និយោជក​។ ថ្លែង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មក​-​កម្មការិនី ន​យោ​ជិត តាម​រោងចក្រ សហគ្រាស ក្រោម​អធិបតីភាព ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ជាមួយនឹង​ភាព​ជឿជាក់​ការ​ដឹកនាំ ប្រកបដោយ​គតិបណ្ឌិត ចក្ខុវិស័យ​ច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់​និង​ប៉ិន​ប្រសប់ របស់​ឯកឧត្តម កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នាម​ក្រសួង ក្នុង​នាម​សហការី ដែល​ជា​ថ្នាក់ដឹកនាំ​ក្រសួង សូម​ប្រកាស​គាំទ្រ និង​ត្រៀមខ្លួន​ចូលរួម​អនុវត្ត​យ៉ាង​ពេញ ទំហឹង ប្រកបដោយ​ភក្តីភាព​ចំពោះ​រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្តន៍​កម្មវិធី​អាទិភាព​គន្លឹះ​នានា ដែល​បាន កំណត់​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ការងារ បាន​បន្ត​ថា ក្រសួង​ការងារ​ប្តេ​ជា​អនុវត្ត ចំពោះ​កម្មវិធី​និង​សកម្មភាព អាទិភាព​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សន្តិសុខ​សង្គម​និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ធានា​ថា​បងប្អូន​កម្មករនិយោជិត​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ព្រមទាំង​បងប្អូន​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស ទទួល​បាន​នូវ​សិទ្ធិ អត្ថប្រយោជន៍ កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​ការ​គាំពារ​កាន់តែ​ប្រសើរ​រឹង​មាំ​ជាង​មុន​។

ឯកឧត្តម រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ចំពោះ​និយោជក​និង​វិស័យ​ឯកជន ក៏​ទទួល​បាន​នូវ​ការ​ការពារ​ដោយ​ស្មើ ភាព ចំពោះ​មុខ​ច្បាប់​។ គ្រប់​រោងចក្រ សហគ្រាស​និង​ក្លាយជា​សហគមន៍​សុខសាន្ត​មួយ ដែល​កម្មករ និយោជិត និង​និយោជក ចេះ​គោរព​គ្នា អធ្យាស្រ័យ​គ្នា ប្រកាន់​យក​គោលការណ៍​ឈ្នះ​ឈ្នះ​ជា​ធំ មិន​យក ការ​ចាញ់​ឈ្នះ​ជា​គោល​ក្នុង​ការ​ដោះស្រាយ​វិវាទ​និង​បញ្ហា​ផ្សេង​ៗ​។ « ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្តេជ្ញា​ខិតខំ​អភិវឌ្ឍន៍ នូវ​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ ស្រប​តាម​កម្មវិធី​អាទិភាព​គន្លឹះ​របស់​រាជរដ្ឋាភិបាល និង​ចាត់​ទុក​គ្រប់​ភាគី​ទាំងអស់​គឺជា​ដៃគូ​ដ៏​ល្អ ហើយ​ក៏​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​ក្រាម​ឱវាទ ឱ្យ​ក្លាយទៅជា​មន្ត្រី​ដែល​មាន​ក្រមសីលធម៌​ខ្ពស់ ចំណេះដឹង​ច្បាស់លាស់ បំពេញ​តួនាទី​ប្រកបដោយ​វិជ្ជាជីវៈ ជើង​ជាប់ដៃ​រហ័សរហួន​វាងវៃ​ក្នុង​ការ​សហការ ជាមួយ​គ្រប់​ស្ថាប័ន ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នានា​ឱ្យ​បាន​លឿន »​។

សូម​ជម្រាប​ថា ថ្លែង​ឧទ្ទេសនាម យុទ្ធសាស្ត្រ​បញ្ចា​កោណ​ដំណាក់កាល​ទី​១ និង​វិធានការ​គន្លឹះ​របស់ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​អង្គប្រជុំ​ពេញអង្គ​លើក​ដំបូង នីតិកាល​ទី​៧ នៃ​រដ្ឋសភា ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​និង​បន្ត ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ ដែល​មាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្ដោត​លើ​ការ​ជំរុញ ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ តាម​រយៈ​ការ​បង្កើត ការ​រក្សា​និង​ការ​បង្កើន​ការងារ​ដល់​កម្មករ​-​និយោជិត ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ សំដៅ​បង្កើន​ប្រាក់​ចំណូល ទ្រទ្រង់​ជីវភាព​សមរម្យ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​៕

ប្រភព៖ ក្រសួងព័ត៌មាន