ត្រៀម CV អោយហើយទៅ!! ឱកាស​ការងារ​ប្រមាណ​ជាង ២០ ០០០​កន្លែង នឹងមកដល់នៅខែវិច្ឆិកាខាងមុខ

0

ភ្នំពេញ​៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ (NEA) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​នឹង​រៀបចំ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​អគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដោយ​មាន​កិច្ចសហការ​ជាមួយ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា (UYFC) រាជធានី​ភ្នំពេញ​, សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) និង​គាំទ្រ​ដោយ​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។

ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ដ៏​ធំ​នេះ នឹង​អាច​ទាក់ទាញ និង​កៀរគរ​អ្នកចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ និង​នាំ​មក​នូវ​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ល្បីឈ្មោះ អង្គការ​ជាតិ អន្ដរជាតិ ព្រមទាំង​ក្រសួង ស្ថាប័ន​រដ្ឋាភិបាល ចូលរួម​ដាក់​តាំង​បង្ហាញ​អំពី​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម ប្រមាណ​ជាង​២​ម៉ឺន​កន្លែង ដែល​នឹង​ចូលរួម​តាំង​បង្ហាញ​អំពី​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម មគ្គទេសក៍ និង​បទ​ពិសោធន៍​សម្រាប់​ឈាន​ចូល​ទីផ្សារ​ការងារ​ព្រមទាំង​ឱកាស​បណ្តុះបណ្តាល​ជំនាញ​។

ទន្ទឹម​នឹង​នេះ កម្មវិធី​នេះ​ក៏​នឹង​មាន​រួម​បញ្ចូល​នូវ​សិក្ខាសាលា​ស្តី​ពី​ផលិតភាព​ថ្នាក់​ជាតិ ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង និង​បំផុសគំនិត​ទាក់ទង​នឹង​ផលិតភាព តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍​ល្អ​ៗ និង​គន្លឹះ​សំខាន់​ៗ ពី​សំណាក់​វាគ្មិន​ជំនាញ​ៗ និង​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់​ដឹង ពីសារ​សំខាន់​នៃ​ការ​បង្កើន​ផលិតភាព​ការងារ​។ សម្រាប់​ក្រុមហ៊ុន សហគ្រាស ដែល​កំពុង​មាន​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​មាន​បំណង​តាំង បង្ហាញ​អំពី​ឱកាស​ការងារ​ដើម្បី​ទាក់ទាញ​បេក្ខជន​ដែល​មាន​សក្តានុពល​ជា​ច្រើន ដែល​នឹង​ចូលរួម ក្នុង​មហា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ សូម​រួសរាន់​ទាក់ទង​មក NEA ដើម្បី​កក់​បញ្ជរ​ឥឡូវនេះ តាម​រយៈ​លេខ​ទូរស័ព្ទ 017 467 423, 017 871 807, 096 2155 162​។

សូម​ជម្រាប​ថា​គិត​ចាប់តាំងពី​ឆ្នាំ​២០១១ មក ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ របស់​ខ្លួន​ចំនួន​១២​លើក ប្រកបដោយ​ភាព​ជោគជ័យ​រួច​មក​ហើយ និង​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ធំធេង​ដល់ ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ​កម្ពុជា​។ ជា​ការ​រំពឹង​ទុក ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៣ នឹង​មាន​ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ចំនួន​ប្រមាណ ១៥០ ដោយ​នាំ​យក​ឱកាស​ការងារ​ប្រមាណ​ជាង ២០ ០០០​កន្លែង ហើយនឹង​ទាក់ទាញ អ្នកចូលរួម ទស្សនា ប្រមាណ ៣០ ០០០​នាក់​៕

ប្រភព៖ ក្រសួងព័ត៌មាន