សម្ដេចតេជោ ហ៊ុន សែន៖ មកដល់ពេលនេះមិនទាន់មានបងប្អូនកម្មករ កម្មការិនី ណាម្នាក់រងគ្រោះដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះ EBA និងប្រព័ន្ធ GSPនោះទេ

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍អះអាងថា រហូតមកដល់ពេលនេះមិនទាន់មានបងប្អូនកម្មករ-កម្មការិនីណាម្នាក់រងគ្រោះដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះ EBA និងប្រព័ន្ធ GSP របស់សហរដ្ឋអាមេរិកនោះទេ ហើយរោងចក្រក៏នៅតែ បន្តដំណើរការជានិច្ច មិនដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះឡើយ។

ក្នុងពិធីបន្តចុះជួប សំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបជិត ២ ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន១១ ដែលកំពុងដំ ណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំៗ០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ប្រព័ន្ធអនុគ្រោះពន្ធ EBA វាគង់តែបាត់នោះទេ បើតាមការអះអាងរបស់សម្តេចឆ្នាំ២០២៧ ប្រព័ន្ធអនុគ្រោះEBA នេះវានឹងបាត់បង់ហើយ ប៉ុន្តែបើទោះបីជាបាត់បង់ ក៏វាមិនមានបញ្ហាអ្វីដែរ ដោយកម្ពុជា ត្រូវខិតខំប្រឹងប្រឹងដោយខ្លួនឯង ហើយត្រូវកាត់បន្ថយការពឹងពាក់បរទេស។

បើតាមឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ជំនួបថ្ងៃនេះ មានកម្មករកម្មការិនី ចូលរួមសរុបចំនួន ១៨ ០៥៧ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១១ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបាន បញ្ជាក់ថា រោងចក្រ សហគ្រាស ទាំង១១ នេះ ជាប្រភេទរោងចក្រកាត់ដេរចំនួន៣ ផលិតផលធ្វើដំណើរ និងកាបូបចំនួន២ បោះពុម្ពលើស្បែកជើងកីឡាចំនួន១ ផលិតសម្ភារ កាដូចំនួន១ និងផលិតជ័រ និងប្លាស្ទិកចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងប្រទេស ជ ប៉ុន។ល។ នៅឆ្នាំ២០២៣ នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាស ចំនួន ១៧៣ មានកម្មករនិយោជិត ជាង ៥ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរចំនួន២០ សរុប ៤៧ ៥៨៥ នាក់។ ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី៧ ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ៧ លើកនេះ មានកម្មករ និយោជិត សរុបប្រមាណ ១៣១ ០០០ នាក់។

ឯកឧត្ដមរដ្ឋមន្រ្តីបានឱ្យដឹងដែរថា ក្នុងជំនួបជាមួយកម្មករ កម្មការិនី ជុំទី២ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ កន្លងទៅ ដែលជាការអនុវត្តន៍កម្មវិធីចាស់ សកម្មភាពថ្មី។ នៅ ក្នុងជុំទី២នេះ សម្តេចតេជោ បានសម្រេចផ្ដល់អត្ថប្រយោជន៍បន្ថែម ដល់បងប្អូនកម្មករ និយោជិត ស្ត្រីមានផ្ទៃពោះ ទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដូចស្ត្រីក្នុងគ្រួសារ ដែលមានបណ្ណសមធម៌។ បងប្អូនកម្មការិនី អាចទទួលបាន មុនពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ១លើក អាចទទួលបានចំនួន ៨ ម៉ឺនរៀល តាមការកំណត់ថ្មី នៅពេលទៅពិនិត្យផ្ទៃពោះម្ដងៗ។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ ម៉ឺនរៀល និងក្រោយពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១លើក អាចទទួលបានចំនួន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវា ពិនិត្យសុខភាព ។

ឯកឧត្តមបានបន្ថែមថា ក្រោយពេលសម្រាលកូន និង ៧ លើក នៅពេលយកកូនទៅទទួលថ្នាំ បង្ការរហូតដល់អាយុ ២ឆ្នាំ និងបានយកចិត្តទុកដាក់ ដល់ជនពិការដែលធ្វើការ នៅតាមរោងចក្រ សហគ្រាស ដោយសម្រេចឱ្យចេញពីធ្វើការមុនម៉ោង ១៥ នាទី ដូចស្រ្តីមានផ្ទៃពោះ ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន