ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបា នគូសបញ្ជាក់ថា ច្បាប់ស្តីពីរបបសោធននិវត្តន៍សម្រាប់កម្មករ និយោជិត នឹងជួយកម្មករនៅពេលថ្ងៃក្រោយ ពេលចូលនិវត្តន៍ ដើម្បីកុំឱ្យពិបាក។ ការគូសបញ្ជាក់របស់សម្តេចតេជោបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន ១១ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្បាប់ស្តីពីរបបសន្តិសុខសោធននិវត្តន៍ថ្មីនេះនឹងធ្វើឱ្យកម្មករនៅពេលថ្ងៃក្រោយកម្មករមានប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។ ប៉ុន្តែការទទួលបានប្រាក់សោធននិវត្តន៍នេះមិនមែនបានគ្រាន់តែធ្វើការ១ឆ្នាំនោះទេ ពោលគឺដូចជាមន្ត្រីរាជការអីចឹងបើមិន ធ្វើការគ្រប់តាមច្បាប់កំណត់ទេគឺមិនទទួលបានប្រាក់ សោធននិវត្តន៍នោះទេ។
សម្តេចតេជោបានស្នើឱ្យកម្មករទាំងអស់រក្សាទុកនូវសៀវភៅការងារ និងឯកសារពាក់ព័ន្ធពេលចូលបម្រើការងារ ទោះបីជាមានការផ្លាស់ប្តូរកន្លែងការងារក៏ត្រូវគិតបន្ត។
សម្តេចតេជោនាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា៖ «សូមក្មួយៗរក្សាសៀវភៅការងារ ហើយសៀវភៅការងានេះដែរក្នុងករណីថា ឥឡូវក្មួយធ្វើការនៅរោងចក្រនេះបាន៥ឆ្នាំ បន្ទាប់ទៅរោងចក្រហ្នឹងត្រូវបិទទ្វារតើ៥ឆ្នាំហ្នឹងត្រូវបានបោះចោលទេ ហើយទៅចូលធ្វើការងារថ្មីគេគិតថ្ងៃទី១វិញទេ។ អត់ទេគឺ រោងចក្រត្រូវបូកបន្តរហូតដល់កំណត់អាយុ ហើយទទួលបានប្រាក់តាមការកំណត់ក្នុងច្បាប់»។
សម្តេចតេជោបានលើកឡើងថា ធ្វើការបែបនេះគឺរាជរដ្ឋាភិបាលបានគិតគូរពីជីវភាពកម្មករនៅពេលថ្ងៃក្រោយ កុំឱ្យមានការពិបាក។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកការអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះចេញមុនម៉ោង១៥នាទី ជារឿងសំខាន់ និងរឿងធំសម្រាប់សម្តេច។ សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «តិចជាអ្នកទាំងអស់គ្នាចាត់ទុកជារឿងតូចតាច មិនមែនទេ សម្រាប់ពូចាត់ទុកជារឿងបញ្ហាធំព្រោះថាពេលចេញជាមួយគ្នាមានការពិបាក»៕
ប្រភព៖ ក្រសួងព័ត៌មាន