សម្តេចតេជោ ហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីទាំងអស់យោគយល់ដល់អ្នកទិញ បញ្ឈប់ការរឹប អូស និងរៀបចំឥណទានជាថ្មីឡើងវិញ

0

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបា នអង្វរកសូមឱ្យម្ចាស់អចលនទ្រព្យទាំងអស់នៅក្នុងប្រទេសកម្ពុជាមានការយោគយល់ដល់អ្នកដែលបានបង់រំលោះផ្ទះ ឬដីនៅតាមបុរីដែលមិនមានលទ្ធភាពបង់រំលោះបន្តទៀតតាមរយៈការរៀបចំឥណទានឡើងវិញដោយបន្ថយចំនួនប្រាក់បង់ប្រចាំខែនិងរយៈពេលឆ្នាំនៃការបង់រំលោះ។ សម្តេចតេជោក៏បានស្នើសុំឱ្យបញ្ឈប់ជាបន្ទាន់ការរឹបអូស ហើយចំពោះអ្នកដែលបានរឹបអូសហើយគួរពិចារណាសងទៅពួកគាត់វិញក្នុងចំនួនណាមួយដែលសមរម្យ។ ការស្នើសុំរបស់សម្តេចតេជោនេះ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន ១១ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់អចលនទ្រព្យទាំងអស់បញ្ឈប់សិន ហើយនិយាយគ្នាសិន និងកុំមានការរឹបអូសតទៅទៀ តចាប់ពីថ្ងៃទទួលសាររបស់សម្ដេចទៅ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា វិធីមានតែមួយទេគឺរៀបចំលទ្ធភាពសង រៀបចំឥណទានជាថ្មី ដោយបន្ថយចំនួនប្រាក់បង់ប្រចាំខែ និងរយៈពេលឆ្នាំនៃការបង់រំលោះ។

សម្តេចតេជោបានថ្លែងបញ្ជាក់ថា៖ «បញ្ហាវាកើតឡើងដោយសារតែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងជំងឺកូវីដដែលវាបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោក និងបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។ អីចឹងសូមសុំមេត្តាយោគយល់បញ្ហានេះ ហើយទប់ស្កាត់បញ្ឈប់ភ្លាមនូវសកម្មភាពរឹបអូស ហើយរៀបចំឥណទានឡើងវិញ ហើយអ្នកទិញក៏ត្រូវមានការទទួលខុសត្រូវក្នុងការបង់បន្ត។ ឯថៅកែបើបានរឹបអូសហើយនោះអាចពិនិត្យមើលថាតើអាចផ្ដល់លុយត្រឡប់ទៅឱ្យគាត់វិញខ្លះបានទេ»។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានស្នើឱ្យជំនួយការរបស់សម្ដេចដែលទទួល បន្ទុកការងារវិនិយោគពិនិត្យតាមដានបញ្ហានេះ ហើយធ្វើរបាយការណ៍មកសម្ដេចដើម្បីឱ្យដឹងព័ត៌មានជាក់លាក់ថាតើមានមនុស្សប៉ុន្មាននាក់ដែលត្រូវបានគេរឹបអូសផ្ទះ។ បុរីណាខ្លះដែលបានរឹបអូសផ្ទះពីប្រជាពលរដ្ឋ ហើយបង់បានប៉ុន្មាន និងបានសងត្រឡប់ទៅវិញចំនួនប៉ុន្មាន។

សម្តេចតេជោបានអះអាងថា នេះជាផ្នែកមួយនៃយុត្តិធម៌សង្គមដែលសម្តេចត្រូវតែយកខ្លួនមកពាំង ព្រោះការរឹបអូសនោះវាឆាប់ពេក អ្នកខ្លះបង់បាន ៥ ម៉ឺនដុល្លារហើយ រឹបអូសធ្វើឱ្យប្រាក់ដែលគាត់ខំសន្សំដើម្បីបង់ផ្ទះនេះត្រូវបាត់បង់ទាំងស្រុង ព្រមទាំងបង្កើតការឈឺចាប់សម្រាប់មនុស្សកាន់តែច្រើន។ សម្តេចតេជោសង្ឃឹមថា ម្ចាស់បុរីទាំងឡាយនឹងរៀបចំឥណទានឡើងវិញព្រោះមិនមានអ្វីខាតទេ ហើយកន្លងទៅឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ក៏បានធ្វើការរៀបចំសម្រាប់សម្រួលដល់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ។ សម្តេចតេជោបានថ្លែងបន្ថែមថា៖ «ការគ្រប់គ្រងប្រទេសមួយគឺយើងត្រូវមើលអ្នកណា ក៏ជាមនុស្សនៅក្នុងប្រទេសកម្ពុជាដែលយើងត្រូវមានការទទួលខុសត្រូវ»៕

ប្រភព៖ ក្រសួងព័ត៌មាន