បាត់ដំបង៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី ត្រង់ចំណុចក្រុមទី២ ភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង លើផ្លូវ៥៧ ចន្លោះគីឡូម៉ែត្រ ២៥-២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្សស្លាប់ម្នាក់បាត់បង់ជីវិត។
លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AF-3246 បើកបរដោយឈ្មោះ សឿត វណ្ណាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្រុម២៩ ភូមិស្តៅ ឃុំស្តៅ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង ជិះម្នាក់ឯង (ស្លាប់នៅកន្លែង) បើកបរច្រាស់គ្នាជើងទៅត្បូងមកដល់ចំណុចកើតហេតុ បានបុកនឹងរថយន្ត ១គ្រឿង ម៉ាកហីយ៉ាន់ដាយ ពណ៌ស ៤,៥តោន ផ្លាកលេខ កំពង់ចាម 3A-8533 បើកបរដោយឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (រត់គេចខ្លូន) រួមដំណើរឈ្មោះ សំ ស្រីពៅ អាយុ២៩ឆ្នាំ ត្រូវជាប្រពន្ធនិងកូនស្រីតូចម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន ហើយរអិលដួលអូសទៅចូលរថយន្តទើបបណ្តាលអោយកិនស្លាប់នៅនិងកន្លែងកើតហេតុ។ បច្ចុប្បន្ននគរបាលស្រុកបាណន់ បានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅការិយាល័យជំនាញខេត្ត ដើម្បីដោះស្រាយតាមនីតីវិធី។
ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ