ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម បណ្ឌិត Sethaput Suthiwart-Narueput ទេសាភិបាលធនាគារកណ្តាលថៃ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានប្រារព្វឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព មិត្តភាព ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញការរីកចម្រើននៃម៉ាក្រូសេដ្ឋកិច្ចវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរថែមទៀត។
តមកនៅក្នុងឪកាសនេះដែរ ឯកឧត្តម បណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម បណ្ឌិត Sethaput Suthiwart-Narueput ទេសាភិបាលធនាគារកណ្តាលថៃ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ (ដំណាក់កាលទី២៖ ថៃស្កេនឃ្យូអរកូតនៅកម្ពុជា)។ ការដាក់ឱ្យដំណើរការគម្រោងនេះ មានអត្ថប្រយោជន៍ណាស់សម្រាប់លើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរទៀតផង។
គម្រោងនេះ មានជាពីរដំណាក់កាល ដែលដំណាក់កាលទី១ ប្រជាជនកម្ពុជាអាចស្កេនឃ្យូអរកូតនៅប្រទេសថៃ ដែលបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារគណ្តាលនៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០, នៅប្រទេសថៃ និងដំណាក់កាលទី២ ប្រជាជនថៃស្កេនឃ្យូអរកូតនៅប្រទេសព្រះរាជាណាចក្រកម្ពុជាដែលគម្រោងនេះ នឹងចាប់ដាក់ឱ្យប្រើប្រាស់ចាប់ពីទី៦ ខែមិថុនា ឆ្នាំ២០២៣នេះតទៅដោយប្រជាពលរដ្ឋថៃនឹងអាចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ប្រទេសថៃដើម្បីស្កេនឃ្យូអរកូតទៅកាន់ពាណិជ្ជករប្រមាណ ១.៥ លានពាណិជ្ជករក្នុងព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន