សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ២១​នឹង​១០​នាទី ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច ផ្លូវជាតិ​លេខ​៣ ភូមិ​ត្រពាំង​មាន ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ករណី ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា ០៦​នាក់ ជិះ​ម៉ូតូ​០៥​គ្រឿង បាន​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​ស្រែក​គម្រាម​ថា នឹង​កាប់សម្លាប់​ចោល ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​ខ្លាច ក៏​បណ្តោយ ឲ្យ​ក្រុម​ជនសង្ស័យ លើកយក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០២៣ ស្លាក​លេខ ភ្នំពេញ 1KB-0837 ពី​ជន​រង​គ្រោះ ជិះ​គេច​បាត់​ទៅ​តែ​ម្តង​។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៣ ជន​រង​គ្រោះ បាន​ប្តឹង​មក​អាវុធហត្ថ​រាជធានី​ភ្នំពេញ អំពី​ករណី​ធាក់​ប្លន់​ខាងលើ​នេះ​។ ក្រោយ​ពី​ទទួល​បណ្តឹង​របស់​ជន​រង​គ្រោះ​រួច អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ រហូត​ប្រទះ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​កំពុង​ត្រូវ​បាន​បុរស​ម្នាក់​ជិះ​នៅ​លើ​ដងផ្លូវ ត្រង់​ចំណុច​រង្វង់​មូល​កួរស្រូវ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឃើញ​ដូច្នោះ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌដង្កោ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ ក៏​បាន​បើក​ម៉ូតូ​ចូល​សំដៅ​ទៅ​រក បុរស​ដែល​កំពុង​បើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម្នាក់​នោះ យ៉ាង​ប្រកៀក​ប្រកិត រហូត​មក​ដល់​ចំណុច​បន្ទប់​ជួល​លេខ​១២ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បាន​ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ សមត្ថកិច្ច​អាវុធហត្ថ​ក៏​បាន ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​នោះ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ឈុ​ន សុខ​នៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រួម​ជាមួយ​ម៉ូតូ​០១​គ្រឿង ដែល​ជា​របស់​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ដោះ​ស្លាក​លេខ​ចេញ​ដើម្បី​បំបាត់ភស្តុតាង​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ករណី​ខាងលើ ដោយ​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​ក្រុម​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​បន្ត​ទៀត​៕

ប្រភព៖​ Phnom Penh Gendarmerie