ត្រឹមតែ ២ខែប៉ុណ្ណោះ!! លួចផ្ទេរលុយពីកុងធនាគារក្រុមហ៊ុនទៅកុងម្តាយខ្លួន អស់ជិត….!

0

បន្ទាយ​មាន​ជ័យ​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ លើ​ករណី​រំលោភ​លើ​ទំនុកចិត្ត ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៦​និង​០០​នាទី ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​កាស៊ីណូ​ប៉ោយ​ប៉ែ​ត​ផា​លេស​ផ្លាស ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ យោង​តាម​ដើមបណ្តឹង​ឈ្មោះ SAHPUTRA ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ KELVIN HARDIANES ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី បច្ចុប្បន្ន​រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​បន្ត​ថា ជនសង្ស័យ​ជា​បុគ្គលិក​ខាង​លេ​ី​បាន​លួច​ផ្ទេរ​ប្រាក់​ពី​គណនេយ្យ​របស់​ក្រុមហ៊ុន​ម្តង​បន្តិច​ៗ ទៅ​គណនេយ្យ​ម្ដាយ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ក្រោយមក​ខាង​ក្រុមហ៊ុន​ក៏​បាន​ត្រួតពិនិត្យ​ដឹង ហើយ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​។
បន្ទាប់​ពី​ឃាត់ខ្លួន និង​សួរនាំ​រួច​មក ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​ផ្ទេរ​ប្រាក់​របស់​ក្រុមហ៊ុន​តាំងពី​អំឡុង​ខែមេសា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៣ សរុប​បាន​ចំនួន​៤០៩,០៩០​បាត​(​បួន​សែន​ប្រាំបួន​ពាន់​កៅសិប​បាត​)​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី ២៩ ខែឧសភា ឆ្នាំ​២០២៣ រូបគេ​បាន​លួច​ផ្ទេរ​ប្រាក់​ចេញពី​ក្រុមហ៊ុន​ចំនួន ៦៨,០០០(​ប្រាំមួយ​ម៉ឺន​ប្រាំបី​ពាន់​)​បាត​ទៀត​ពិតប្រាកដ​មែន​។ ក្រោយ​ឃើញ​ពិរុទ្ធភាព​នៃ​បទល្មើស កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មក​កាន់​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេ​ី​ស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ​ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣​នេះ​៕

ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ