សម្តចតេជោ ហ៊ុន សែន ស្នើឱ្យគ្រប់ភាគីទាំងអស់ ប្រសិនបើមានករណីវិវាទជាមួយកម្មករ ត្រូវខិតខំដោះស្រាយវិវាទឱ្យបានឆាប់រហ័ស

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យគ្រប់ភាគីទាំងអស់ ត្រូវតែខិត ខំដោះស្រាយរាល់វិវាទជាមួយកម្មករឱ្យបានឆាប់រហ័សកុំអូសបន្លាយរយៈពេលយូររហូតដល់ដល់ដៃតុលាការ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ប្រមាណជិត២ម៉ឺននាក់ នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «បើសិនមានករណីវិវាទ ត្រូវដោះស្រាយ កុំទុកយូរ កុំចិញ្ចឹមទំនាស់សហជីព ជាមួយម្ចាស់រោងចក្រ តំណាងកម្មករសហជីព ដោយមានការចូលរួមពីក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវដោះស្រាយឱ្យបានឆាប់រហ័សបំផុត តាមគោនយោបាយ ឈ្នះ ឈ្នះ»។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានជំរុញឱ្យគ្រប់ភាគីឆាប់ដោះស្រាយក្រៅប្រព័ន្ធតុលាការ និងចៀសវាងដោះស្រាយបានតាមផ្លូវតុលាការ រាប់ទាំងករណីថៅកែរត់ចោលកម្មករ ដោយមិនចាំរង់ចាំថៅកែមកដោះស្រាយ ឬរង់ចាំតុលាការប្រកាសលក់ឡៃឡុងនោះទេ គឺវាយឹត ដូច្នេះក្រសួងការងារត្រូវដោះស្រាយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា កន្លងមកសម្តេចតែងតែធ្វើបុរេប្បទានលុយ(ផ្ទេរ)ទៅឱ្យក្រសួងការងារដើម្បីដោះស្រាយបញ្ហាជូនកម្មករ។ ចំពោះនីតិវិធីផ្លូវតុលាការ គឺយូរ ហើយពេលខ្លះការលក់ឡៃឡុងនោះយកមកសងកម្មករមិនគ្រប់គ្រាន់ផងដែរ។

ជាមួយគ្នានេះដែរ កន្លងមកកម្មករមិនត្រូវបានបាត់បង់ផលប្រយោជន៍ នោះទេដោយសាររាជរដ្ឋាភិបាលតែងតែធ្វើការប៉ះប៉ូវសងនូវការខ្វះខាតជានិច្ច។ សម្តេចតេជោថ្លែងបញ្ជាក់ថា៖ «ម្ចាស់រោងចក្រ រត់ទៅបាត់ហើយចាំអ្នកណាសង យើងលក់ឡៃ ឡុងវាមិនគ្រប់ មានតែវិធីមួយប៉ះប៉ូវ។ ប៉ុន្តែវិធីហ្នឹងចាំដល់ពេលរួច ជំពាក់ប៉ុន្មាន ដល់ពេលណា ទូរទាត់បញ្ជីគ្នាម្តងដើម្បីផ្តាច់កុំឱ្យជំពាក់ពីព្រោះថាករណី ហ្នឹងក្រសួងការងារ ជំពាក់រដ្ឋ ប៉ុន្តែ ដល់ពេលណាមួយថាសងអត់បានទេ មានតែប្រើវិធីមួយគឺកាត់ផ្តាច់ ដែលផលប្រយោជន៍នោះអ្នកទទួល បានគឺកម្មករ»៕

ប្រភព៖ ក្រសួងព័ត៌មាន