បាត់ដំបង ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សាន់ សីលា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆ្កឹះគន្លឹះទ្វារ) ត្រង់ចំណុចក្រុមទី០៨ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនរងគ្រោះបាត់បង់សម្ភារៈដូចជាម៉ូទ័រស្វានបុក ចំនួន០១ ពណ៍ខៀវ និងម៉ូទ័រកាត់ ចំនួន០២ ពណ៍ទឹកក្រូច និងពណ៍ខ្មៅ។
ក្រោយពីទទួលបណ្តឹងភ្លាម និងឆ្លងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទូច លីហេង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។
ក្រោយពីការឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានប្រជាពលរដ្ឋបានចំនួន២ដងមកហើយ ៖
-ករណីទីមួយ ត្រង់ចំណុចបុរីសុភមង្គលក្រុមទី០៨ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-ករណីទីពីរ ត្រង់ចំណុចបុរីរស្មីបាត់ដំបង ភូមិអូរតានប់ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្ភារៈដកហូត៖
-ម៉ូទ័រស្វានបុកចំនួន០១ ពណ៍ខៀវ ។
-ម៉ូទ័រកាត់ចំនួន០២ ពណ៍ទឹកក្រូច និងពណ៍ខ្មៅ ។
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៍ក្រហម ពាក់ផ្លាកលេខបាត់ដំបង 1AN-3005 ។
-ទូរស័ព្ទម៉ាកអាយហ្វូនអ៊ិចអេសមែក ពណ៍ស ចំនួនមួយគ្រឿង ។
-ដែកទំពក់ព្រួរខោអាវ ចំនួន ០១ ។
-សមចំនួន ០១ ។
-ដៃយួរធុងថ្នាំចំនួន ០១ ។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ