ព្រោះតែជីវភាពបុរសម្នាក់ ត្រូវបង្ខំចិត្តដើររកបេះបន្លែ នៅក្នុងព្រៃចំការមីន

0

បន្ទាយមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់ដោយជាន់មីនផ្ទុះដាច់ជើងម្ខាង ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃអង្គារ ១២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងព្រៃចំការមីន  (តំបន់ព្រំដែនមិនទាន់ច្បាស់លាស់)មុខទំនប់ក៥ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរនៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ លី ល័ក្ខ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានដើររកបេះបន្លែ នៅក្នុងព្រៃចំការមីន ហើយបានជាន់មីនកប់ចោលតាមព្រំដែន បណ្តាលឲ្យផ្ទុះដាច់ជើងខាងឆ្វេង ។ ក្រោយពីកើតហេតុ កម្លាំងប៉ុស្តិ៍ព្រំដែនសិលាខ្មែររួមជាមួយយោធាជួយដឹកមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពសិលាខ្មែរ រួចបញ្ជូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ