បន្ទាយមានជ័យ ៖ នៅថ្ងៃអង្គារ ១២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យម្នាក់ជាជនជាតិសាំងហ្កាពួរ ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្ក្រាបចាប់ឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៤ល្ងាច កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះបង្ក្រាបករណីអនុវត្តន៍តាមដីកាមួយកន្លែងម្តុំបុរី(ហ្គូដ ឡាក់)ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ដោយមានសមាសភាពចូលរួមមាន ៖ ១.លោកមេភូមិមិត្តភាព,២.លោកមេប៉ុស្តិប៉ោយប៉ែត,៣.ម្ចាស់ផ្ទះ ភ្លាមៗនោះកម្លាំងផ្នែកព្រហ្មទណ្ឌក៏បានត្រួតពិនិត្យរកឃើញមានគ្រឿងញៀនមួយចំនួន។
នគរបាលបានបន្តថា ៖ ក្រោយពីរកឃើញមានគ្រឿងញៀន កម្លាំងផ្នែកព្រហ្មទណ្ឌ ក៏បានទាក់ទងមកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការចូលរួមពី លោក ឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការ សម្របសម្រួលផ្ទាល់ពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក៏បានចុះទៅដល់បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ជាជនជាតិសាំងហ្គាពួរ ឈ្មោះ ភីអូ ហីសអូតាដៀវ ភេទប្រុស អាយុ៦៣ឆ្នាំ ។
នគរបាលបានបញ្ជាក់ទៀតថា ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចនគរបាលបានត្រួតពិនិត្យរកឃើញវត្ថុតាង រួមមាន ៖ ១. ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(ORANGE TANG)សង្ស័យជាសារធាតុញៀនមានចំនួន០៧កញ្ចប់ធំ និង០១កញ្ចប់តូច។ ២.ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(NUTRI.C)សង្ស័យជាសារធាតុញៀនមានចំនួន០៥កញ្ចប់ធំ និង១០កញ្ចប់តូច។ ៣.ថ្នាំកញ្ចប់ពណ៌ទឹកក្រូចមានអក្សរ(TANG MANGGO)សង្ស័យជាសារធាតុញៀនមានចំនួន០៦កញ្ចប់តូច។៤.ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ(POWER)សង្ស័យជាសារធាតុញៀនចំនួន១៩កញ្ចប់តូច។ ៥.ថ្នាំកញ្ចប់ពណ៌ប៉ៃតងមានអក្សរ(TANG DALaNDAN)សង្ស័យជាសារធាតុញៀនមានចំនួន០៦កញ្ចប់តូច។ ៦.ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(VERSAGE)សង្ស័យជាសារធាតុញៀនមានចំនួន០៤កញ្ចប់។ ៧.ថ្នាំកញ្ចប់ពណ៌ ស លាយផ្កាឈូកមានអក្សរ(HAPPY FRUITS)សង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់តូច។ ៨.ថ្នាំកញ្ចប់ពណ៌ស្វាយមានអក្សរ(GAME.ON)សង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់តូច។
៩.ថ្នាំកញ្ចប់ពណ៌ស្វាយមានអក្សរ(BOMI)សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច។ ១០.ថ្នាំគ្រាប់ពណ៌ទឹកក្រូច សង្ស័យជាសារធាតុញៀនចំនួន៥១គ្រាប់។ ១១.ថ្នាំគ្រាប់ពណ៌ស្វាយ មានអក្សរ(LV)សង្ស័យជាសារធាតុញៀនចំនួន១០គ្រាប់។ ១២.ថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ មានអក្សរ(LV)សង្ស័យជាសារធាតុញៀនចំនួន០៦គ្រាប់។ ១៣.ថ្នាំគ្រាប់ពណ៌ក្រហម សង្ស័យជាសារធាតុ ញៀនចំនួន៥០គ្រាប់។ ១៤.ថ្នាំកញ្ចប់ EXTRA JOSS សង្ស័យជាសារធាតុញៀនចំនួន១១៣កញ្ចប់។ ១៥.ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០៣ប្រអប់។ ១៦.ម្សៅម៉ត់ ស ថ្លាចំនួន០២កូនថង់។ ១៧.ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។ ១៨.កញ្ឆាក្រៀម០១កូនថង់តូច។ ១៩.ជញ្ជឹងសំរាបថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។ ២០.គំរបដប(កេតតាមីន)មួយចំនួនធំ។ ២១.កញ្ចប់ថ្នាំពណ៌ក្រហមសំរាប់វេចខ្ចប់មានអក្សរF3 មួយចំនួនធំ។ ២២.កែវសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ២៣.ដបសំរាប់ប្រើប្រាស់គ្រឿងញៀនមានចំនួន០៧ដប។ ២៤.ថង់ផ្លាសស្ទិកមួយចំនួន។ ២៥.សំបកកញ្ចប់រូប(ទំពាំងបាយជូរ និងរូបVERSAGE)មួយចំនួន។ ២៦.សារាំងបូមថ្នាំចំនួន០៣។ ២៧.ដែកកេះចំនួន១០ដើម។ ២៨.ម៉ាសុីនសំរាប់អ៊ុតកញ្ចប់ថ្នាំញៀនចំនួន០២គ្រឿង។ ២៩.ឧបករណ៍សំរាប់កឹបក្បាលដប។ ៣០.ម៉ាសុីនសំរាប់វ៉ៃម្សៅមួយ។ ៣១.ដបកែវមួយចំនួន។ ៣២.ម៉ាសុីនក្រឡុក PHILIPSមួយ។ ៣៣.ឆ្នាំងអគ្គីសនីសំរាប់ផលិតគ្រឿងញៀនចំនួន០២(ពណ៌ផ្ទៃមេឃ និងពណ៌លឿង)។ ៣៤.ទឹកថ្នាំថ្លាមួយដប។ ៣៥.ម៉ាសុីនសំរាប់កឹបមាត់ថង់ពណ៌ ស ផ្កាឈូក០១គ្រឿង។ ៣៦.ចានបុនគ្រឿងញៀនមួយ។ ៣៧.សំបកដប(កេតតាមីន)មួយចំនួនធំ។ ៣៨.ក្រដាសអាលុយមីញ៉ូមមួយ។ ៣៩.ស្ទិកគ័រសំរាប់បិទមួយចំនួនធំ។ ៤០.ប្រដាប់ក្រដាផ្លាសស្ទិកមួយ។
បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ផងដែរ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ