បន្ទាយមានជ័យ ៖ ក្មេងប្រុសអាយុ០៥ឆ្នាំម្នាក់បានលង់ទឹកស្ទឹងស្លាប់ ។ ហេតុការណ៍គួរឲ្យអាណោចអាធម្មនេះ បានកើតឡើងនៅវេលាម៉ោង០២រសៀលថ្ងៃចន្ទ ១១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅភូមិបត់ត្រង់ធំលិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ កុមារារងគ្រោះឈ្មោះ រី មករា អាយុ៤ឆ្នាំ នៅភូមិបត់ត្រង់ធំលិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានឪពុក ឈ្មោះ រឿន សំបូរ អាយុ ២៦ឆ្នាំម្តាយ ឈ្មោះ តាំង លីដា អាយុ ២៧ឆ្នាំ ។
នគរបាលបានបន្តថាយោងតាមចំលើយរបស់ជីតា ឈ្មោះ ភឹម រី អាយុ៥៤ឆ្នាំ រស់នៅភូមិបត់ត្រង់ធំលិច ឃុំបត់ត្រង់ ប្រាប់ថា គាត់បានយកមកចិញ្ចឹមមើលថែតាំងពីអាយុ១ខួប ចំណែកឪពុកម្តាយទៅរកស៊ីនៅប្រទេសថៃ ចៅបាននៅជាមួយគាត់រហូតមក នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ម៉ោង០២ គាត់បានយកសំណាញ់ទៅហ៊ុំសំរាស់ក្នុងស្ទឹងមុខផ្ទះ ដើម្បីចាប់ត្រី ពេលចាប់ត្រីបាន គាត់បានយកត្រីមកផ្ទះដើម្បីអោយប្រពន្ធធ្វើ ហើយខ្ញុំបានយកចានដែកចុះទៅចាប់ត្រីបន្ត ពេលនោះចៅគាត់បានចុះទៅតាមខ្ញុំដែរ ហើយឈរមើលខ្ញុំចាប់ត្រី ពេលចាប់បានមួយសន្ទុះ ខ្ញុំបានយកត្រីមកអោយយាយម្តងទៀត ចំណែកចៅខ្ញុំវាក៏បានដើរឡើងមកតាមខ្ញុំពីក្រោយ ពេលយកត្រីអោយយាយហើយខ្ញុំដើរចុះស្ទឹងចាប់ត្រីបន្ត តែខ្ញុំមិនចាប់អារម្មណ៍ ថាចៅមកតាម អត់ទេ លុះបានប្រហែល១៥នាទី ប្រពន្ធរបស់ខ្ញុំ បានស្រែកហៅចៅ ថា មករា មករា តែមិនលឺ ឆ្លើយ ពេលនោះយាយបានសួរខ្ញុំថា តាមានឃើញចៅអត់ ចំណែកខ្ញុំបានស្ទុះមករកចៅនៅលើគោកតែអត់ឃើញ ខ្ញុំបានចុះទៅរាវរកក្នុងទឹកស្ទឹង បានឃើញចៅលង់ក្នុងទឹកស្ទឹង មានជំរៅ មួយម៉ែត្រកន្លះ បានស្រង់មកធ្វើចលនា ហើយបញ្ចូនទៅមន្ទីរពេទ្យជប៉ុន ស្រុកមង្គលបូរី លោកគ្រូពេទ្យប្រាប់ថាចៅរបស់ខ្ញុំបានដាច់ខ្យល់ស្លាប់ហើយ ។ សព ត្រូវបានប្រគល់ជូនអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ