តាកែវ៖ នៅថ្ងៃ ព្រហស្បតិ៍ ៧រោច ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ២២ និង ៣០ នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់ទូរ) កើតឡើងត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រហែក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ១/.ឈ្មោះ អោ ឧត្តម ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិព្រែកក្តី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ ២/.ឈ្មោះ សី សុង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកក្តី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពយកដុំថ្មចំនួន ០២ដុំមានទំហំ ១៤សង់ទីម៉ែត្រ និង ០១ដុំទៀតមានទំហំ ១២សង់ទីម៉ែត្រ គប់ទៅលើកញ្ចក់ទូរតាំងភេសជ្ជៈ របស់ជនរងគ្រោះឈ្មោះ ស៊ឹម ចំរើន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិព្រហែក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យបែកខូចខាតទាំងស្រុង។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង ០២នាក់រត់គេចខ្លួនបាត់។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ៣០ នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំពង់ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ អោ ឧត្តម ភេទប្រុស អាយុ ២៤ឆ្នាំ និង ឈ្មោះ សី សុង ភេទប្រុស អាយុ ៣៧ឆ្នាំ និងដកហូតវត្ថុតាង នៅចំណុចភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាទី