ហែកគណនីហ្វេសប៊ុក ដើម្បីឆបោក​លុយគេអស់ជាង ៥០លានរៀល និង ១០០០ដុល្លារ

0

បន្ទាយ​មាន​ជ័យ​៖ ជនសង្ស័យ​៣​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ហែក​គណនី facebook account របស់​ពលរដ្ឋ ហើយ​បាន ឆបោក​ប្រាក់ អាជីវករ​ផ្ទះ​វី​ង​ប្ដូរ​ប្រាក់​អស់​ជាង​៥០​លាន​រៀល និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ចំនួន ១០០០ ដុល្លារ ។

លោក​វរសេនីយ៍ទោ សោម សា​រុន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​នៅ​ថា អនុវត្តន៍​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​យោង​បណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ វឿ​ន វី ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត បន្ទាយ​មាន​ជ័យ ម្ចាស់​អគា​រវេ​លុយ​វី​ង​និង​ប្តូរ​ប្រាក់ និង​បណ្តឹង​ឈ្មោះ ស៊ុន សុខ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ រស់នៅ​ភូមិ សឿ ឃុំ សឿ ស្រុក មង្គល​បូ​រី ខេត្ត បន្ទាយ​មាន​ជ័យ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ដឹកនាំ​កម្លាំង សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ស្រាវជ្រាវ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ១-​ឈ្មោះ រី ឌី ភេទ​ប្រុស​។ អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ ចែ​ម ដា​រ៉ា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ។ ៣- ឈ្មោះ ហ៊ុន លី​ហេង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ យក​មក​សួ​នាំ​ពាក់ព័ន្ធ​បទល្មើស​ខាងលើ​។

យោង​បណ្តឹង​ជន​រង​គ្រោះ ឈ្មោះ វឿ​ន វី បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០ ២៣​កន្លង​ទៅ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ប្រើប្រាស់​លេខ​ទូរស័ព្ទ ០៧១៦៣ ០៦១៦៦, ០៧១៩២១០៩៥៨, ០៧១៨៤៩៧៦០០, ០១៥៧២៧៤២៦, ០១៧៤២៨៨៧៤ បាន​លួច​ហែក​គណនី​ហ្វេ​ស​បុក​របស់​ឈ្មោះ ចាន់​ថៃ ឡុ​ង​គឿ ហើយ​ឆាត​ទៅ​ហ្វេ​ស​បុក​ឈ្មោះ Vong Vy ដោយ សរសេរ​រៀបរាប់​ថា​បាន​ផ្ញើរ​ប្រាក់​បាត់​ថៃ​ចូល​ក្នុង​គណនី​ធនាគារ​របស់​ឈ្មោះ វឿ​ន វី រួចរាល់​ហើយ ដោយ​ឱ្យឈ្មោះ វឿ​ន វី ប្ដូរ​ប្រាក់​បាត​ទៅ​ជា​ប្រាក់​រៀល​ខ្មែរ ហើយ​ឱ្យ​ផ្ញើរ​ប្រាក់​បន្ត​ទៅ​លេខ​ទូរស័ព្ទ ៥​ខ្សែ​មាន​លេខ ០៧១៦៣០៦១២២ ,០៧១៩៦១០៩៥៨,០៧១៨៤៩៧៦០០,០១៥៧៦៧៥៦៦, ០១៧៤២៨៨៧៤ តាម​រយៈ​ធនាគារ​វឹង ចំនួន​១៤​លើក ស្មើនឹង​ប្រាក់ ៥០.៨៤០.០០០ (​ហាសិប​លាន​ប៉ែតសិប​បួន​ម៉ឺន​)​រៀល ក្រោយ​ពី​បាន​វេរ​ប្រាក់​ហើយ ទើប​ឈ្មោះ វឿ​ន វី បាន​ពិនិត្យ​មើល​ប្រតិបត្តិការ តែ​មិនឃើញ​មាន​ទឹកប្រាក់​ចូល ដូច​ការ​សរសេរ​ឆាត​ទេ បន្ទាប់​មក​ឈ្មោះ រឿ​ន វី បាន​ទាក់ទង​ទៅ​ឈ្មោះ កាយ ណា​រាជ ដែល​ជា​ម្ចាស់​ហ្វេ​ស​បុក ឈ្មោះ ចាន់​ថ ឡុ​ង​គឿ ទើប​ដឹង​ថា​ហ្វេ​ស​បុក​ឈ្មោះ ចាន់​ថៃ ឡុ​ង​គឿ ត្រូវ​បាន​គេ​លួច​ហែក​យក​ទៅ​ឆបោក ប្រាក់​ទេ ទើប​ដឹង​ថា​ខ្លួន​ចាញ់បោក​គេ ។

យោង​បណ្តឹង​ជន​រង​គ្រោះ ឈ្មោះ ស៊ុន សុខ បាន​ឲ្យ​ដឹង​ថា មាន​ម្ចាស់​គណនី​អេ​ស៊ី​លី​ដា​ឈ្មោះ RY DY ដែល​មាន លេខ​កូដ​គណនី ០៧១៣ ៩៨៤១៣៦ បាន​លួច​ហែក​គណនី​ហ្វេ​ស​បុក​របស់​ឈ្មោះ អ៊ិ​ន សំណាង ហើយ​យក​ទៅ​ឆាត​បោក​ប្រាក់ ឈ្មោះ ស៊ុន សុខ ចំនួន ១០០០ ដុល្លារ ដោយ​ឈ្មោះ ស៊ុន សុខ និង​ឈ្មោះ អ៊ិ​ន សំណាង ធ្លាប់​ស្គាល់​រាប់អាន​គ្នា ទើប​ឈ្មោះ ស៊ុន សុខ ព្រម​ផ្ទេរ​ប្រាក់​ឱ្យទៅ​គណនី​អេ​ស៊ី​លី​ដា​ឈ្មោះ RY DY ដែល​មាន​លេខ​កូដ​គណនី ០៧១ ៣៩ ៨៤១៣៦ ចំនួន ១០០០(​មួយ​ពាន់​)​ដុល្លារ ។ បន្ទាប់​ពី​ឈ្មោះ ស៊ុន សុខ បាន​ផ្ទេរ​ប្រាក់​រួចរាល់​បាន​ទាក់ទង​ទៅ​ឈ្មោះ អ៊ិ​ន សំណាង ទើប​ដឹង​ថា​ហ្វេ​ស​បុក​របស់​ឈ្មោះ អ៊ិ​ន សំណាង ត្រូវ​បាន​គេ​លួច​ហែក​យក​ទៅ​ឆ​បោកប្រាក់គេ ។

ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​សួ​នាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ