បាត់ដំបង៖ កាលពីថ្ងៃព្រហស្បត្តិ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១នឹង៣០នាទី នៅចំណុចក្រុមទី២២ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីរំលោភលេីទំនុកចិត្ត (ខ្ចីម៉ូតូជិះយកទៅបាត់) មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ សាំ ឡេងហ៊ ហៅ ហ៊ីង ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅក្រុមទី០៤ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពខ្ចីម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ស្លាកលេខ បាត់ដំបង 1D-6154 របស់ជនរងគ្រោះឈ្មោះ រិទ្ធ សុខឃិន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅក្រុមទី២១ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជិះយកទៅបាត់។
ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស្រាវជ្រាវស៊េីបអង្កេតបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ សាំ ឡេងហ៊ ហៅ ហ៊ីង បាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧នឹង៣០នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យ និងបានដកហូតម៉ូតូភិនភាគខាងលេី បានចំនួន០១គ្រឿង ។
នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុកសង្កែបាននាំជនសង្ស័យទៅយកវត្ថុតាង និងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ