បាត់ដំបង ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង១០នាទី នៅចំណុចក្រុមទី១១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកថ្មគោល បានទទួលបានពាក្យបណ្ដឹង មានករណីលួច (ប្រាក់) ពីជនរងគ្រោះឈ្មោះ ថាប់ លាប ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលលំនៅដ្ឋានលួចប្រាក់ ។
ក្រោយពេលទទួលបណ្តឹងរួច ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការស្រាវជ្រាវស៊េីបអង្កេតបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ គិត លេដា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាក លេខបាត់ដំបង 1AH-9320 (មធ្យោបាយប្រព្រឹត្ត)
-ប្រាក់ខ្មែរចំនួន ៤៥០,០០០៛ (សែសិបប្រាំម៉ឺនរៀល)
-ប្រាក់បាតចំនួន ៣៣,៧០០បាត (បីម៉ឺនបីពាន់ប្រាំពីររយបាត)
-កាបូបស្ពាយពណ៌ទឹកប៊ិចចំនួន ០១ ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកថ្មគោលបាននាំជនសង្ស័យទៅយកវត្ថុតាង និងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ