ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកហ្វេសបុកមួយឈ្មោះ “អ្នកយកព័ត៌មាន ពេលរាត្រី” ជាក់ស្តែងបន្ទាប់ពីមានករណីគ្រោះថ្នាក់ ក៏មានការទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច តែមិនមានការជេរប្រមាថគ្នាដូចការចុះផ្សាយនោះទេ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារ:ជនទាំងអស់ឲ្យបានជ្រាបថា នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរថយន្ត នៅត្រង់ចំណុចផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតសម្ភារៈ។ មុនពេលកេីតហេតុរថយន្តទាំងពីរបេីកបរស្របទិសគ្នាពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុ រថយន្ត TOYOTA PRIUS បានបុករថយន្ត FORD RANGER ពីខាងក្រោយតែម្តង។
នៅពេលកេីតហេតុភាគីទាំងពីរក៏បានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ក្រោយមកសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុ និងយកភាគីទាំងពីរមកអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការដោះស្រាយ ក្រោយមកភាគីទាំងពីរបានធ្វេីការសម្របសម្រួលឯកភាពគ្នាសូមបញ្ចប់រឿង ដោយគ្មានភាគីណាគំរាមទៅលេីភាគីណាមួយឡេីយ។ ភាគីរថយន្ត TOYOTA PRIUS បានយល់ព្រមឯកភាពសងសំណងទៅភាគីរថយន្ត FORD RANGER ដេីម្បីបញ្ចប់រឿង៕