ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង២០នាទី មានករណីប៉ុនប៉ងឃាតកម្ម (អាវុធខ្លីនិងកាំបិតស្រួច) ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ យ៉ាងយកចិត្តទុកដាក់ ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំ កំលាំងជំនាយដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយ ស្នងការរដ្ឋាននគរបាលខេត្តកំពត ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកការស្រាវជ្រាវរហូតឈានដល់ការ បង្ក្រាបបានជនសង្ស័យចំនួនពីរនាក់។
គូររំលឹកដែរថាកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង២០នាទី មានករណីប៉ុនប៉ងឃាតកម្ម (អាវុធខ្លីនិងកាំបិតស្រួច) នៅចំណុចផ្ទះជួលគ្រូហ៊ាន់ ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះឈ្មោះMCCOMB GEOFFREY BRENT ភេទប្រុស ឆ្នាំកំណើត១៣.វិច្ឆិកា.១៩៧៦ ជនជាតិញ៉ូសាឡែន កាន់លិខិតឆ្លងដែនលេខLT607405 ជាថៅកែ អាកាឌៀ ស្នាក់នៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកកំពត រងរបួស៤កន្លែង៖
១.ត្រកៀកខាងស្តាំ១ក្រាប់ បៀមក្បាលគ្រាប់
២.គូថខាងស្តាំ១គ្រាប់ បៀមក្បាលគ្រាប់
៣.បែកលើចិញ្ចើមខាងស្តាំ១កន្លែង
៤.បែកក្រោមភ្នែកឆ្វេង១កន្លែង។
ជនរងគ្រោះបានមកដើរលេងនៅក្រុងកំពតជាមួយមិត្តស្រី ចូលដល់ផ្ទះភ្លាម ត្រូវបានជនសង្ស័យ១ក្រុម បានកាត់សោរផ្ទះរបស់ជនរងគ្រោះរួចចូលក្នុងផ្ទះដើម្បីចាំទារលុយ ប៉ុន្តែជនរងគ្រោះមិនព្រមសង ក៏បានប្រកែកគ្នារហូតឈានដល់ទាស់ពាក្យសំដី ពេលនោះក្រុមជនសង្ស័យបានដកកាំភ្លើងខ្លី និងដំបងខ្លីធ្វើសកម្មភាពវាយនិងបាញ់ទៅលើជនរងគ្រោះចំចំណុច ភ្លៅធ្លាយដល់គូត បន្ទាប់មកក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានជិះរថយន្ត១គ្រឿងមិនស្គាល់ម៉ាកគេចខ្លួនបាត់ ។
លុះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៤និង១២នាទី កំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរលបាលខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្តកំពតជាម្ចាស់ករណី បានធ្វេីការឃាត់ខ្លួនជនសង្ស័យ០២នាក់ ១.ឈ្មោះ ហេង សម្បត្តិ ភេទប្រុស កេីតនៅថ្ងៃទី២២/០៩/១៩៧៥ ស្នាក់នៅផ្ទះជួលភូមិដីឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបងខេត្តបាត់ដំបង ជាជនដៃដល់ និងទី២.ឈ្មោះទីវ ហុកឡាយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងរថយន្ដ ស្នាក់នៅភូមិសុភី១សង្កាត់រតនៈ ក្រុងបាត់ដំបង ឃាត់នៅចំណុច វត្តបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ នឹងនៅមុខលោកតាដំបងក្រញូង សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។វត្ថុតាងដែលបានដកហូត រថយន្ដ ០១គ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ 2AA-5628។ បច្ចុប្បន្នកំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ជូនស្នងការដ្ឋានខេត្តកំពតដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ រកបក្សពួកបន្តទៀត៕
ប្រភព៖ Si Than