កម្ទេចសាច់សត្វ​បង្កក គ្រឿងសម្អាង​ចម្រុះ នំ​ចម្រុះ ខូចគុណភាពសរុបចំនួន ៦,៩៣០​គីឡូក្រាម

0

ភ្នំពេញ​៖ បន្ទាប់​ពី​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ពី​ឯកឧត្តម ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នា​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៣​នេះ លោក ប៊ុ​ន ចំរើន អគ្គនាយករង បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ត្រី​ពេទ្យសត្វ នគរបាល​សេដ្ឋកិច្ច និង​អាជ្ញាធរ​ខណ្ឌដង្កោ បាន​នាំ​យក​ផលិតផល សាច់សត្វ​បង្កក គ្រឿងសម្អាង​ចម្រុះ នំ​ចម្រុះ ខូចគុណភាព និង​មិន​អនុលោម​តាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ជា​ធរមាន សរុប​ចំនួន ៦,៩៣០​គីឡូក្រាម ទៅ​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម ស្ថិត​នៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ផង​ដែរ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ទទួល​បាន​អាណត្តិ​ពី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព​សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែង និង​ច្បាប់​ស្តី​ពី​សុវត្ថិភាព​ម្ហូបអាហារ ដែល​មាន​តួនាទី​ភារកិច្ច​ស្នូល​ក្នុង​ការ​ធានា​គុណភាព សុវត្ថិភាព នៃ​ផលិតផល​ទំនិញ និង​សេវា ដើម្បី​ការពារ​សុខុមាលភាព សុវត្ថិភាព ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់ រួម​ទាំង​ធានា​ភាព​ប្រកួតប្រជែង​ដោយ​សុចរិត​ក្នុង​បរិយាកាស​ធុរកិច្ច​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF