បាត់ដំបង៖ នៅថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៣ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្រុមទី៨ ស្ថិតក្នុងភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីរន្ទះបាញ់ បណ្ដាលអោយស្លាប់ប្រជាពលរដ្ឋម្នាក់ ជនរងគ្រោះឈ្មោះ ខាន់ លីដា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ តាមការបំភ្លឺរបស់ឈ្មោះ ផៃ សុផាត ភេទប្រុស អាយុ២៨ឆ្នាំ បានអោយដឹងថាវេលាម៉ោង១៨:២០នាទី ក្រោយពីសម្រាកពីការងារខ្លួនរួមជាមួយឈ្មោះ រ័ត្ន ភេទប្រុស, ឈ្មោះ ប៉ាវ លីហុង ភេទប្រុស, ឈ្មោះ សៀប លីយ៉ា ភេទប្រុស និងឈ្មោះ ខាន់ លីដា (ជនរងគ្រោះ) បាននាំគ្នាហូបបាយបន្ទាប់ពីហូបរួច នៅម៉ោងប្រហែល១៨:៥៣នាទី មេឃក៏មានភ្លៀងធ្លាក់លាយឡំនិងផ្គររន្ទះពេលនោះ ជនរងគ្រោះបានរត់យកថង់ទៅគ្របបំពង់ស៊ីម៊ាំងអាបុលឈូសដី រួចក៏បាននៅលេងទឹកភ្លៀងពីមុខរថយន្តដឹកដីរបស់ខ្លួន ស្រាប់តែពេលនោះឭសំលេងរន្ទះបាញ់ និងបែកផ្កាភ្លើងនៅក្បែរជនរងគ្រោះហើយក៏ឃើញជនរងគ្រោះដួលនៅលើដី ពួកខ្លួនក៏នាំគ្នាយកជនរនរងគ្រោះទៅមណ្ឌលសុខភាពត្រាងតែគ្រូពេទ្យថាស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលេីជនរងគ្រោះឈ្មោះ ខាន់ លីដា ពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ