កំពត៖ ឃាតកម្មផ្តើមចេញពីគំនុំ បាញ់បងស្រីថ្លៃ និងបងស្រីជីដូនមួយជាគ្រូបង្រៀន បណ្ដាលឲ្យស្លាប់២នាក់ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយតែមិនស្លាប់ នៅស្រុកអង្គរជ័យ។ លោកឧត្តមសេនីយ៌ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតឲ្យបណ្តាញផ្សព្វផ្សាយដឹងថា មានករណីបាញ់ប្រហារមួយបានកើតឡើង វេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយ រងរបួសធ្ងន់ចំទ្រូង តែមិនស្លាប់ទេ។
ក្រោយទទួលបានព័ត៌មាននេះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា ជនសង្ស័យមានឈ្មោះ ឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពបាញ់ទៅលើបងថ្លៃ និងបងជីដូនមួយរបស់ខ្លួន ដោយប្រើប្រាស់អាវុធម៉ាក RPK (គ្រាប់AK) ជាច្រើនគ្រាប់ បន្ទាប់មកបានធ្វើអត្តឃាតខ្លួនឯង ដោយបាញ់ខ្លួនឯងចំនួន ០១ គ្រាប់ ចំដើមទ្រូង (របួសធ្ងន់) បច្ចុប្បន្ន កំពុងសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ចំពោះជនរងគ្រោះទាំងពីរនាក់ដែលស្លាប់ រួមមាន៖
ទី១៖ ឈ្មោះ នួន សុខា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ-ឃុំកើតហេតុ (បងជីដូនមួយជនសង្ស័យ) ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ទី២៖ ឈ្មោះ អៀង ស៊ុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ (បងថ្លៃជនសង្ស័យ) ស្លាប់ពេលបញ្ជូនតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យ។
បើតាមលោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថាមូលហេតុ កើតឡើងដោយជនសង្ស័យមានគំនុំខឹងនឹងបងជីដូនមួយ និងបងថ្លៃ ហើយជនសង្ស័យជាមុខសញ្ញាដែលប្រើប្រាស់គ្រឿងញៀន។ ករណីនេះ សមត្ថកិច្ចចាត់ចែងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕
ប្រភព៖ Huy Bunleng News