បាត់ដំបង៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២នឹង០០នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងក្រុមទី៣ ភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្សម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុកកំរៀង បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងម៉ូតូ ១គ្រឿង ម៉ាកហុងអាសង់ ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1K-0661 សៀមរាប បើកបរពីកើតទៅលិចឆ្លងផ្លូវ បើកបរដោយឈ្មោះ យួម ផល្លី ភេប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង (ស្លាប់នៅនិងកន្លែងកើតហេតុ) ដល់ចំណុចកើតហេតុខាងលើបានបុកនឹងរថយន្ដ ១គ្រឿង ម៉ាកហីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង 3A-4291 ដែលបើកបរពីត្បូងទៅជើង (ម្ចាស់រថយន្ដបើករត់បាត់ពីកន្លែងកើតហេតុ)។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះអ្នកបើកបរម៉ូតូឆ្លងផ្លូវមិនបានមើលឆ្វេងស្ដាំ ខ្វះការប្រុងប្រយ័ត្នបានបុកពេញទំហឹងតែម្ដង។ បច្ចុប្បន្ន នគរបាលស្រុកកំរៀងកំពុងស្រាវជ្រាវរករថយន្តបង្កដើម្បីយកមកដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ