ប្រាប់ថាខ្ចីម៉ូតូទៅផ្សារបន្តិចសោះ! មានអីបាត់ឡើងជិត ២ខែ

0

បាត់ដំបង៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី នៃអធិការដ្ឋាននគរបាលស្រុកថ្មគោក  បានទទួលបានពាក្យបណ្ដឹង មានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) ពីជនរងគ្រោះឈ្មោះ សុខ ផល ហៅ  ប៉ុត ភេទស្រីអាយុ ៤០ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដាក់ពាក្យប្តឹងទៅលើជនសង្ស័យឈ្មោះ ចែ ភក្តី ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ មានទីលំនៅខេត្តសៀមរាប ដែលបានខ្ចីម៉ូតូ០១គ្រឿង  ម៉ាកហុងដា សេ១២៥ ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AQ-1182 ពីកូនខ្លួនឈ្មោះ រ៉ី ស្រីរ៉ាវ ភេទស្រី អាយុ ១៧ឆ្នាំ ដោយខ្ចីជិះទៅលក់អំពិលទុំនៅផ្សារ ភួ ពុយ ក្រុងបាត់ដំបង រួចក៏ជិះយកទៅបាត់តែម្ដង កាលពីថ្ងៃទី០៣  ខែមីនា  ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទី នៅចំណុចក្រុមទី០២ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល  ខេត្តបាត់ដំបង។

ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ  សាត  គឹមសាន  ស្នងការនៃស្នងការដ្ឋាននគរ បា លខេត្តបាត់ដំបង  កម្លាំងនគរបាលជំនាញ នៃអធិការនគរ បាលស្រុកថ្មគោល សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរ បាលស្រុកថ្មគោល បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ចែ ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រៀក ឃុំត្រៀក ស្រុកសៀមរាប ខេត្តសៀមរាប នៅចំណុចភូមិកំពង់ចម្លងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៥០នាទី និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ។ ក្រោយពីជំនាញធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូ ០១គ្រឿង របស់ជនរងគ្រោះពិតប្រាកដមែន ហើយជិះយកទៅបញ្ចាំនៅស្រុកកំរៀង បានប្រាក់ចំនួន ១៦,០០០បាត (មួយម៉ឺនប្រាំមួយពាន់បាត) ។

នៅពេលនេះ  សមត្ថកិច្ចនគរបាលស្រុកថ្មគោល បាននាំជនសង្ស័យទៅយកវត្ថុតាង និងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យមកផែនជំនាញ ដើម្បីអនុវត្តបន្តតាម នីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ