ភ្នំពេញ៖ ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត តម្លៃប្រមាណ ១៦០០លានដុល្លារ នឹងបើកការ ដ្ឋានសាងសង់ជាផ្លូវការហើយនាដើមខែមិថុនា ដោយសម្រួលដល់ការតភ្ជាប់ ពីប្រទេស ចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១។
បើយោងតាមការបញ្ជាក់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) យានយន្ត សាខាសំរោងអណ្តែត នាព្រឹកថ្ងៃទី ២១ ខែមេសា ២០២៣នេះថា ផ្លូវល្បឿនលឿន ដែលតភ្ជាប់រវាងរាជធានីភ្នំពេញ រហូតដល់ ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម នឹងបើកការដ្ឋានសាង សង់ជា ផ្លូវការនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះហើយ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់ថា ផ្លូវល្បឿនលឿននេះមានចំងាយ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា ៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ ១ ៦០០លានដុល្លារ ដែលមានទំហំតិច ជាង ក្រុងព្រះសីហនុ តែប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿន ក្រុងព្រះសីហនុផងដែរ ផ្លូវនេះ នឹងបញ្ចប់ នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងធ្វើឱ្យបាន រួចរាល់ដំណាល នឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកម៉ុកបៃ ដើម្បីធ្វើការតភ្ជាប់ជា មួយផ្លូវល្បឿនលឿនរបស់កម្ពុជា។
បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលកម្ពុជាកំពុងតែចាប់ផ្តើម ពង្រីកពី ២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិត តាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិន រហូតដល់វៀតណាម អាចឆ្លងកាត់បាន។
បើតាមអ្នកជំនាញសេដ្ឋកិច្ចវិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈ មណ្ឌលសិក្សាចិន និង ជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានផ្តល់កិច្ច សម្ភាសន៍ថា លោកយល់ថា កម្ពុជា គួរតែមានផ្លូវល្បឿនលឿនបែបនេះ បន្ថែមទៀត ជាពិសេស គឺផ្លូវល្បឿនលឿនទៅខេត្តជាប់ព្រំដែន កម្ពុជាវៀតណាម កម្ពុជាថៃ និងកម្ពុជាឡាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញពីរោងចក្រសហគ្រាសទៅកាន់ ទីផ្សារអន្តរជាតិ កាន់តែងាយស្រួល និងមានតម្លៃធូរថ្លៃជាងមុន ហើយលោកបណ្ឌិត ក៏ចង់ ឃើញរដ្ឋាភិបាល កែសម្រួលផ្លូវដែកឡើងវិញឱ្យមានភាពល្អប្រសើរផងដែរ ព្រោះអាចធ្វើឱ្យ តម្លៃដើមនៃដឹកជញ្ជូន មានតម្លៃទាប។
គួររំលឹកដែរថា ថ្មីៗនេះកម្ពុជាទើប នឹងបើកឲ្យដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា មានប្រវែង ១៦៨ គីឡូម៉ែត្រ ចំណាយ ថវិកាសាងសង់ប្រមាណ ២ពាន់ លានដុល្លារ។ ខែមិថុនានេះ ផ្លូវល្បឿនទី២ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត នឹងបើកកាលដ្ឋានសាងសង់ជាផ្លូវការផងដែរ ដោយគ្រោងចំណាយទឹកប្រាក់ ១៦០០លានដុល្លារ ដោយអាចនឹងបញ្ចប់ការសាងសង់ជាផ្លូវការនាចុងឆ្នាំ២០២៦។ ចំណែក ឯផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅសៀមរាប ក៏កំពុងស្ថិតក្នុងដំណាក់កាល សិក្សា ផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន